សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងជំរុញវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកជះផលទៅលើការកាត់បន្ថយភាពក្រីក្រ ការពង្រីកអាជីវកម្ម និងផ្តល់ការងារសមរម្យ។
ការលើកឡើងនេះ បន្ទាប់ពី CMA បានធ្វើការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យពីសំណាក់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL។ ការសិក្សានេះបានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះ លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានCMA ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីទស្សនវិស័យ ចំពោះរបាយការណ៍ឯករាជ្យនេះថា ការសិក្សាស្រាវជ្រាវនេះបញ្ជាក់សាជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ លោកបញ្ជាក់ថា៖«ផលជះដែលជួយឱ្យមានការផ្លាស់ប្តូរនៃវិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែជាផលជះផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើទិដ្ឋភាពសង្គមកម្ពុជាទាំងមូលទៀតផង។ ក្នុងនាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាយកលទ្ធផលស្រាវជ្រាវនេះដើម្បីបន្តពង្រឹងការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យដល់សង្គមរបស់យើង»។
បើតាមរបាយការណ៍ឯករាជ្យនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជួយជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ រួមមាន SDG ១ គ្មានភាពក្រីក្រ គឺភាពអាចរកបាននូវសេវាមីក្រូហិរញ្ញវត្ថុ៖ ការសិក្សាបង្ហាញថា មីក្រូហិរញ្ញវត្ថុផ្តល់សេវាជូនអតិថិជនមានរហូតដល់ ៥៨,៦ភាគរយ នៃសំណាក ដោយ ៦៧ភាគរយ បានរាយកាណ៍ពីភាពប្រសើរឡើងយ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះបង្ហាញពីផលជះដ៏មានតម្លៃទៅលើការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។ SDG ២៖ គ្មានភាពអត់ឃ្លាន គឺភាពប្រសើរឡើងនៃជីវិតរស់នៅ និងការទទួលទានអាហារ៖ ភាពប្រសើរឡើងនៃជីវិតរស់នៅ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ បានរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំណុចទី២ ដោយមានត្រឹមតែ ០,៨ភាគរយ នៃសំណាកប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់ដោយសាររយៈពេលកាត់បន្ថយអាហារហូបចុកបណ្តោះអាសន្ន។ SDG ៣៖ សុខភាពល្អ និងសុខុមាលភាព គឺគុណភាពជីវិត៖ ការសិក្សាបង្ហាញថា ៦៧ភាគរយ នៃសំណាក ទទួលបានភាពប្រសើរឡើងខ្លះនៃជីវិតរស់នៅរបស់ពួកគេដែលរួមចំណែកដល់សុខុមាលភាពទាំងមូល។ បើទោះជាបញ្ហាប្រឈមនៅតែមានក៏ដោយ ក៏និន្នាការជារួមមានភាពវិជ្ជមាន។ SDG ៥៖ សមភាពយេនឌ័រ គឺការផ្តល់សិទ្ធិអំណាចដល់ស្ត្រី៖ មីក្រូហិរញ្ញវត្ថុបានបង្ហាញពីការចូលរួមចំណែកដោយផ្ទាល់ចំពោះសមភាពយេនឌ័រ ដោយចំនួនអ្នកទទួលកម្ចីជាស្ត្រីមានរហូតដល់ ៤៦% ពោលគឺមានច្រើនជាងបុរសដែលមានត្រឹមតែ ៤១% ប៉ុណ្ណោះ។ បញ្ហាប្រឈមក៏ឃើញមានផងដែរទាក់ទងនឹងតួនាទី និងទំនុកចិត្តរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែម សូមអាចនៅទីនេះ
ដោយ៖ វណ្ណ សុជាតា
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍