សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាៈ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កំពុង​ជំរុញ​វឌ្ឍនភាព​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាៈ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កំពុង​ជំរុញ​វឌ្ឍនភាព​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

 

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) លើកឡើងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ជំរុញ​វឌ្ឍនភាព​ឆ្ពោះទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការអនុញ្ញាតឱ្យ​គ្រួសារ​ដែលមាន​ចំណូល​ទាប​ជាច្រើន​ទទួលបាន​កម្ចី​ពី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​រួមចំណែក​ជះ​ផល​ទៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ ការពង្រីក​អាជីវកម្ម និង​ផ្តល់​ការងារ​សមរម្យ​។

ការលើកឡើង​នេះ បន្ទាប់ពី CMA បានធ្វើការ​សិក្សា​អំពី​ការវាយតម្លៃ​លើ​ផល​ជះ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ឯករាជ្យ​ពី​សំណាក់​ក្រុមហ៊ុន​ស្រាវជ្រាវ​អន្តរជាតិ M-CRIL​។ ការសិក្សា​នេះ​បាន​បង្ហាញថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មិន​ត្រឹមតែ​ជា​ម៉ាស៊ីន​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​កម្លាំងចលករ​ជួយ​ជំរុញ​ប្រទេស​កម្ពុជា​ដើរ​ឆ្ពោះទៅរក​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ផងដែរ​។ M-CRIL បាន​សិក្សា​ស៊ីជម្រៅ​អំពី​ឥទ្ធិពល​របស់​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការជួយ​ផ្លាស់ប្តូរ​ទិដ្ឋភាព​សេដ្ឋកិច្ច​សង្គមកិច្ច​រប​ស់​កម្ពុជា ដោយ​បង្ហាញឱ្យឃើញ​នូវ​សមិទ្ធផល​របស់​វិស័យ និង​បញ្ហា​នានា​ដែល​កើតមានឡើង​ស្រប​ជាមួយនឹង​ការចូលរួមចំណែក​រប​ស់​វិស័យនេះ លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​CMA ចុះ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នេះ លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ពី​ទស្សនវិស័យ ចំពោះ​របាយការណ៍​ឯករាជ្យ​នេះ​ថា ការសិក្សា​ស្រាវជ្រាវ​នេះ​បញ្ជាក់​សាជាថ្មី​អំពី​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​ជំរុញ​ការផ្តល់​សិទ្ធិអំណាច​ផ្នែក​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​។ លោក​បញ្ជាក់ថា​៖«​ផល​ជះ​ដែល​ជួយ​ឱ្យមាន​ការផ្លាស់ប្តូរ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹមតែ​ជា​ផល​ជះ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​គ្របដណ្តប់​លើ​ទិដ្ឋភាព​សង្គម​កម្ពុជា​ទាំងមូល​ទៀតផង​។ ក្នុងនាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា យើង​ប្តេជ្ញា​យក​លទ្ធផល​ស្រាវជ្រាវ​នេះ​ដើម្បី​បន្ត​ពង្រឹង​ការចូលរួមចំណែក​ជា​វិជ្ជមាន​របស់​វិស័យ​ដល់​សង្គម​របស់​យើង​»​។ ​

បើតាម​របាយការណ៍​ឯករាជ្យ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជួយ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ រួមមាន SDG ១ គ្មាន​ភាពក្រីក្រ គឺ​ភាព​អាច​រកបាន​នូវ​សេវា​មីក្រូហិរញ្ញវត្ថុ​៖ ការសិក្សា​បង្ហាញថា មីក្រូហិរញ្ញវត្ថុ​ផ្តល់​សេវា​ជូន​អតិថិជន​មាន​រហូតដល់ ៥៨,៦​ភាគរយ នៃ​សំណាក ដោយ ៦៧​ភាគរយ បាន​រាយ​កាណ៍​ពី​ភាពប្រសើរឡើង​យ៉ាងច្រើន​នៃ​ជីវភាព​ប្រចាំថ្ងៃ​។ ចំណុច​ជា​វិជ្ជមាន​នេះ​បង្ហាញ​ពី​ផល​ជះ​ដ៏​មានតម្លៃ​ទៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​គ្រួសារ​ក្រីក្រ​ខ្លាំង​។ SDG ២៖ គ្មាន​ភាពអត់ឃ្លាន គឺ​ភាពប្រសើរឡើង​នៃ​ជីវិត​រស់នៅ និង​ការ​ទទួលទាន​អាហារ​៖ ភាពប្រសើរឡើង​នៃ​ជីវិត​រស់នៅ ជាពិសេស​ក្នុងចំណោម​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ បានរួម​ចំណែក​ដល់​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ចំណុច​ទី​២ ដោយមាន​ត្រឹមតែ ០,៨​ភាគរយ នៃ​សំណាក​ប៉ុណ្ណោះ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​រយៈពេល​កាត់បន្ថយ​អាហារ​ហូបចុក​បណ្តោះអាសន្ន​។ SDG ៣៖ សុខភាព​ល្អ និង​សុខុមាលភាព គឺ​គុណភាព​ជីវិត​៖ ការសិក្សា​បង្ហាញថា ៦៧​ភាគរយ នៃ​សំណាក ទទួលបាន​ភាពប្រសើរ​ឡើង​ខ្លះ​នៃ​ជីវិត​រស់នៅ​របស់​ពួកគេ​ដែល​រួមចំណែក​ដល់​សុខុមាលភាព​ទាំងមូល​។ បើទោះជា​បញ្ហា​ប្រឈម​នៅតែមាន​ក៏ដោយ ក៏​និន្នាការ​ជារួម​មាន​ភាព​វិជ្ជមាន​។ SDG ៥៖ សមភាព​យេនឌ័រ គឺ​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​៖ មីក្រូហិរញ្ញវត្ថុ​បានបង្ហាញ​ពី​ការចូលរួមចំណែក​ដោយ​ផ្ទាល់​ចំពោះ​សមភាព​យេនឌ័រ ដោយ​ចំនួន​អ្នកទទួល​កម្ចី​ជា​ស្ត្រី​មាន​រហូតដល់ ៤៦% ពោល​គឺមាន​ច្រើនជាង​បុរស​ដែលមាន​ត្រឹមតែ ៤១% ប៉ុណ្ណោះ​។ បញ្ហា​ប្រឈម​ក៏​ឃើញ​មាន​ផងដែរ​ទាក់ទង​នឹង​តួនាទី និង​ទំនុកចិត្ត​របស់​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​។

សម្រាប់ព័ត៌មានបន្ថែម សូមអាចនៅទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍