ភ្នំពេញៈ ជាកិច្ចខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SME ) ដើម្បីពង្រីកអាជីវកម្ម សហគ្រិនខ្មែរ ក្រុមហ៊ុន OBOR និងគ្រឹះស្ថានហិរញ្ញវត្ថុ (FI) ចំនួន ៥ បានរួមគ្នាដើម្បីចាប់ផ្តើមកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME IR Program) ដែលផ្តោតលើការស្វែងរក និងបង្កើនសហគ្រាសធុនតូច និងមធ្យមដែលមានភាពចាស់ទុំក្នុងប្រទេស ដើម្បីពួកគេអាចបង្កើនដើមទុនប្រកបដោយប្រសិទ្ធភាព។
កិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នៅពេលសហគ្រិនខ្មែរផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យមានប្រសិទ្ធភាពនៅកម្ពុជា។ សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនានារបស់សហគ្រិនខ្មែរ គឺបង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយកម្មវិធី «ត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់សហគ្រិនខ្មែរ។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់សហគ្រិនខ្មែរបានឱ្យដឹងថា ការគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥ នៅកម្ពុជា រួមមាន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ, ធនាគារវីង, ធនាគារសហគ្រាសធុនតូច និងមធ្យម, និង ធនាគារអេស៊ីលីដា នឹងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារក្នុងកម្មវិធីនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ហើយសហគ្រិនខ្មែរ មានក្តីរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយៈ ម៉ៃ គុណមករា
ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២