កម្ពុជា-ជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូត(QR Code) ដំណាក់កាលទី១ ដែលនឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធថ្មីនៃការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន។
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ប្រាក់ឆ្លងដែនតាម QR Code ដំណាក់កាលទី១ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័ណពិភពលោកឆ្នាំ ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ រវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) និងលោក EZAWA Masana អគ្គនាយករង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន។
ដំណាក់កាលទី១ មានន័យថា ភ្ញៀវទេសចរ ឬធុរជន ក៏ដូចជាពលរដ្ឋខែ្មរដែលមានគណនីធនាគារជាប្រាក់រៀលធ្វើដំណើរទៅប្រទេសជប៉ុន គឺអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាបានតាមរយៈ KHQR ដែលមានភាពងាយស្រួយ រហ័ស និងមានសុវត្ថិភាព។ ចំណែកដំណាក់កាលទី ២ គឺពលរដ្ឋជប៉ុនអាចប្រើប្រាស់ JPQR សម្រាប់ស្កេន KHQR ក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅកម្ពុជា។ ដំណាក់កាលទី២ គ្រោងនឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខ។
ធនាគារជាតិនៃកម្ពុជា(NBC) បានឱ្យដឹង ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ស្តីពី«ការទូទាត់ឆ្លងដែនតាមយ្យូអរកូត(Unified QR Code-Based Payment)» ដែលចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមយ្យូអរកូត រវាង KHQR និង JPQR។ តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុនត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះបង្ហាញពីសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ជាឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន។
NBC បញ្ជាក់ថា៖«ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធនៃការទូទាត់ឆ្លងដែនតាមយ្យូអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័ត ដើម្បីស្កេនទូទាត់ថ្លៃទំនិញ និងសេវាជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន»។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានថ្លែងថា៖«គម្រោងនេះឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជាក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ នេះមិនមែនគ្រាន់តែជាសមិទ្ធផលថ្មីដែលតភ្ជាប់ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ការណ៍នេះបង្ហាញពីស្មារតីក្នុងការចូលរួមប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន ព្រមទាំងបង្ហាញថា កម្ពុជាមានសមត្ថភាពពេញលេញក្នុងការចូលរួមដំណើរការនៃសេដ្ឋកិច្ចឌីជីថលជាសកល»។
ចំណែក លោក Fukuda Yoshio បានលើកឡើងថា៖«ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យើងរំពឹងថា ការតភ្ជាប់នេះនឹងចូលរួមបង្កើនប្រតិបត្តិការឆ្លងដែនបន្ថែមលើប្រតិបត្តិការទូទាត់បង្កើតការតភ្ជាប់និងបណ្តាញទំនាក់ទំនង ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន»។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះផ្សាយ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍