សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម
សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម

សហគ្រាសធុនមីក្រូ តូច និងមធ្យម តែងត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីននៃកំណើននៅ ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ដោយសារការរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារ សរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។ របៀបកំណត់ និយមន័យសហគ្រាសធុនមីក្រូ តូច និងមធ្យមមានសារៈសំខាន់ចំពោះ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងកម្មវិធី ជំនួយគាំទ្ររបស់កម្ពុជាដែលផ្តោតជាពិសេសលើសហគ្រាស ដែលអាចត្រូវបានកំណត់ថាស្ថិតនៅក្រោមនិយមន័យ នេះ។

និយមន័យនៃសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម

ប្រទេសកម្ពុជាមាននិយមន័យផ្លូវការនៃសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានរៀបរៀងឡើងក្រោមក្របខណ្ឌ អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០០៥។ និយមន័យនេះបែងចែកសហគ្រាសតាម ទំហំ និងរួមបញ្ចូលលក្ខណៈវិនិច្ឆ័យសម្រាប់ទាំងចំនួនការងារ និងចំណូល។ យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈ កម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEPC) លើកទី២ នៅទីស្តីការ គណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សហគ្រាសធុនតូច និងមធ្យមត្រូវ បានចែកចេញជា ៣ វិស័យ គឺ (១) កសិកម្ម (២) ឧស្សាហកម្ម និង (៣) សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាស ធុនតូច និងមធ្យមត្រូវបំពេញតាមលក្ខខណ្ឌពីរ៖ (ក) ចំនួនបុគ្គលិក (ខ)ផលរបរប្រចាំឆ្នាំ ឬទ្រព្យសកម្ម។

សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមានភាពសកម្មនៅក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។ យោងតាម ទិន្នន័យ ឆ្នាំ២០១៥ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ៥៩,៦០% ត្រូវបានចាត់ថ្នាក់ចូលក្នុងវិស័យពាណិជ្ជកម្មលក់ដុំ និងលក់រាយ ខណៈ ២៦,៥០% ស្ថិតក្នុងវិស័យ សេវាកម្ម។

សកម្មភាពសេវាកម្មសំខាន់ៗបំផុតនៅក្នុងប្រទេសកម្ពុជាគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលជាប្រភពដ៏សំខាន់ មួយនៃការវិនិយោគបរទេស និងផ្នែកនៃសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុត។ វិស័យ ទេសចរណ៍បានក្លាយជា ប្រភពចំណូល និងការផ្លាស់ប្ដូររូបីយប័ណ្ណបរទេសដ៏សំខាន់ ហើយបានជួយកាត់បន្ថយផលប៉ះពាល់ពីឱនភាព ពាណិជ្ជកម្មធំៗ។ ការវិនិយោគទាំងនេះ ភាគច្រើនមាននៅក្នុងការសាងសង់ សណ្ឋាគារ ការអភិវឌ្ឍរមណីយដ្ឋាន និងការពង្រឹងមូលដ្ឋានសេវាកម្មសម្រាប់ភ្ញៀវទេសចរដែលមកទស្សនា ប្រាសាទអង្គរវត្ត និងរាជធានីភ្នំពេញ។ មុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរបាន កើនឡើងជាលំដាប់ និងមានភាពចម្រុះ។

ពាណិជ្ជកម្មមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រកំណើនរបស់កម្ពុជា ដោយសារមូលហេតុសំខាន់បី៖

  1. ប្រទេសកម្ពុជាបានផ្លាស់ប្តូរវិស័យពាណិជ្ជកម្មរបស់ខ្លួនឱ្យក្លាយទៅជា ក្បាលម៉ាស៊ីនកំណើន សេដ្ឋកិច្ចក្នុង​​​   រយៈ​​​​​ពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយកត្តានេះផ្តល់ជាកម្លាំងចលករដល់ សេរីភាវូបនីយកម្ម និងការអភិវឌ្ឍពាណិជ្ជកម្មបន្ថែមទៀតសម្រាប់កំណើននាពេលអនាគត។
  2. សមាហរណកម្មសេដ្ឋកិច្ចតំបន់បានផ្លាស់ប្តូរឆ្ពោះទៅរកតំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលជាមធ្យោបាយ មួយជំរុញពាណិជ្ជកម្ម និងលើកកម្ពស់វិបុលភាព។ ដោយសារកម្ពុជា មានទីតាំងយុទ្ធសាស្ត្រ ស្ថិតនៅក្នុង តំបន់អាស៊ានដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស កិច្ចសហប្រតិបត្តិការ និងដំណើរការ សមាហរណកម្ម ក្នុងតំបន់ប្រកបដោយថាមវន្តទាំងនេះ គឺជាកាលានុវត្តភាពដ៏ធំសម្រាប់កំណើននៃការនាំចេញ ពិពិធកម្ម ភាពប្រកួតប្រជែង និងកំណើន។
  3. អ្នកវិភាគភាគច្រើនយល់ស្របថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ នៅក្នុងការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មនៅកម្ពុជា។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ វិស័យពាណិជ្ជកម្ម នៅតែមាន ភាពទន់ខ្សោយ និងងាយរងគ្រោះ។ ក្រៅពីស្ថិតនៅក្នុងផ្នែកខាងចុងនៃខ្សែច្រវាក់តម្លៃ និងកង្វះពិពិធកម្ម ការនាំចេញរបស់កម្ពុជាមានឧបសគ្គច្រើនដោយនីតិវិធីគយស្មុគស្មាញ ការរាំង ស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតផ្នែកភស្តុភារ និងកិច្ចសម្រួលពាណិជ្ជកម្ម និងកង្វះសមត្ថភាពបំពេញតាមស្តង់ដារបច្ចេកទេស។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម