របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១.៣៤ ពាន់លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ។
របាយការណ៍បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែវិច្ឆិកា កម្ពុជាបាននាំចេញអង្ករជិត ៦ សែនតោនទៅកាន់ទីផ្សារបរទេស ដោយទទួលបានប្រាក់ចំណូលចំនួន ៥១៥ លានដុល្លារ និង ២.៤ លានតោនស្រូវដែលមានតម្លៃ ៨១៤ លានដុល្លារ។
ពូជអង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសរីរាង្គ អង្ករស អង្ករសំរូប និងអង្ករជប៉ុន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនបានជួយដល់ការនាំចេញ។
កញ្ញាថា៖ «យើងធ្វើការរួមគ្នាជាមួយនឹងគោលដៅចម្បងក្នុងការនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ហើយដោយហេតុនេះជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស»។
ប្រទេសចិន និងអឺរ៉ុប គឺជាទីផ្សារដ៏សំខាន់សម្រាប់អង្កររបស់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់ ៧០ម៉ឺនតោន ជាគោលដៅនាំចេញអង្ករសម្រាប់កម្ពុជានៅឆ្នាំ២០២៣។
ជាមួយគ្នានេះ កម្ពុជាបាននាំចេញកសិផលមិនមែនអង្ករជិតបួនលានតោនទៅក្រៅប្រទេសក្នុងអំឡុងពេល ១១ ខែដំបូង ដែលរកចំណូលបានជាង ២.៥ ពាន់លានដុល្លារ។
ទំនិញនាំចេញសំខាន់ៗរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់។
កសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ ក្រសួងបាននិយាយថា វិស័យនេះបានរួមចំណែក ២៤.៤ ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងឆ្នាំ ២០២១។
កម្ពុជាក៏គ្រោងនឹងបង្កើនការនាំចេញអង្កររបស់ខ្លួនទៅប្រទេសចិន២០ភាគរយផងដែរ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែកញ្ញាកន្លងទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមអាននៅទីនេះ
ដោយ៖ ជា វណ្ណយុទ្ធ
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២៣
ព័ត៌មាន៖ ខ្មែរ ថាមស៏