ក្រសួង​ពាក់ព័ន្ធ និង​សហព័ន្ធ​ស្វាយចន្ទី​កំពុង​ជួយ​អ្នក​កែច្នៃ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ដើម្បី​នាំ​ចេញទៅ​អឺរ៉ុប

ក្រសួង​ពាក់ព័ន្ធ និង​សហព័ន្ធ​ស្វាយចន្ទី​កំពុង​ជួយ​អ្នក​កែច្នៃ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ដើម្បី​នាំ​ចេញទៅ​អឺរ៉ុប

 

​ភ្នំពេញៈ ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សហការ​ជាមួយ​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា និង​ដោយមាន​ការគាំទ្រ​ពី​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា​កំពុង​ជួយ​ដល់​រោងចក្រ និង​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ក្នុងការ​បន្តធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ស្វាយចន្ទី​កម្ពុជា​ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​កិច្ច​ខិត​ប្រឹងប្រែង​នេះ ត្រូវ​បាន​លោក រាជ រ៉ា រដ្ឋលេខា​ធិ​ការ​ក្រសួងពាណិជ្ជកម្ម លើក​​ឡើង​នៅក្នុង​ទស្សនកិច្ច​សិក្សា​ទៅកាន់​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​របស់​ក្រុមហ៊ុន Ample នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​។ ពិធី​នោះ​មានការ​ចូលរួម​តំណាង​ក្រសួងកសិកម្ម​, ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​,​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​,​ អគ្គនាយកដ្ឋាន​ភាពជា​ដៃគូ​អន្តរជាតិ​របស់​សហភាព​​អឺរ៉ុប​ទទួលបន្ទុក​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក រួម​ទាំង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ផងដែរ កាលពី​ថ្ងៃទី​​ ១១ ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​ រាជ រ៉ា លើកឡើងថា ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​ខិត​​ខំប្រឹងប្រែង​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​អភិវឌ្ឍ​វិស័យ​ស្វាយចន្ទី​កម្ពុជា​ដែលជា​ដំណាំ​អាទិភាព​ទី​២ បន្ទាប់ពី​ស្រូវ​ព្រម​ទាំង​បាន​ជម្រាប​សង្ខេប​អំពី​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​​ចន្ទី ឆ្នាំ ​២០២២-២០២៧​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​រៀបចំ ដោយបាន​ដាក់ចេញ​នូវ​ចក្ខុ​វិស័យ​ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកប​ដោយ​បរិ​យាប​ន្ន ធានា​នូវ​និរន្តរ​ភាព ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​អ្នក​ផលិត ក៏ដូចជា​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​»​។​

​ចំណែក​លោក អាន តារា ប្រធាន​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១២ ខែមីនា​ថា គោលបំណង​នៃ​ការធ្វើ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ខ្សែ​ច្រវាក់​តម្លៃ​របស់​ស្វាយចន្ទី​កម្ពុជា រួម​មាន ដូចជា អ្នក​ផលិត អ្នក​កែច្នៃ​និង​អ្នក​នាំចេញ ដើម្បី​ធ្វើ​យ៉ាង​​ណា​កំណត់ឱ្យ​បានច្បាស់លាស់​នូ​វ​បញ្ហា​ប្រឈម​ចម្បងៗ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​អភិវឌ្ឍ​ស្វាយចន្ទី​កម្ពុជា​ទាំង​​មូល ជាពិសេស​ស្វែងរក​ការ​​គាំទ្រ​ពី​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​។​

​លោក​បានឱ្យដឹងថា ទីផ្សារ​អឺរ៉ុប​គឺជា​ទីផ្សារ​ដែល​នាំចូល​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ដ៏​ធំជាងគេ​លើ​ពិភពលោក​។ ដូច្នេះហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ធ្វើយ៉ាងណា​ជួយ​ឱ្យ​ការកែច្នៃ​គ្រាប់​​ស្វាយចន្ទី​មាន​ស្តង់ដា ទាំង​គុណភាព និង​បរិមាណ​ទៅតាម​តម្រូវការ​របស់​សហភាព​អឺរ៉ុប​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍