គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម​គ្របដណ្តប់​ជាង ៩០%

គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម​គ្របដណ្តប់​ជាង ៩០%

 

​ភ្នំពេញៈ គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​កំពុង​ហក់​​ឡើងជា​បន្តបន្ទាប់ ដោយ​នៅក្នុង​ឆ្នាំ ​២០២៣ កន្លងមក​ក្នុងចំណោម​គម្រោង​វិនិយោគ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ អនុម័ត​ឱ្យ​វិនិយោគ គឺមាន​ជាង ៩០​ ភាគរយ​ស្ថិតក្នុង​វិស័យ​ឧស្សាហកម្ម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC នៅក្នុង​ឆ្នាំ ​២០២៣ CDC បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​សរុប ២៦៨ (​គម្រោង​ថ្មី ២៤៧ និង​គម្រោង​ពង្រីក​ផលិតកម្ម ២១)​ ដោយ​គម្រោង​ទាំងអស់​មាន​ទុនវិនិយោគ​សរុប ៤,៩ ​ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ការ​​ងារ​បាន​ជាង ៣០ ​ម៉ឺន​កន្លែង​។​

CDC ឱ្យដឹងទៀតថា ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហ​កម្មបាន​ចូលរួមចំណែក​ដល់​ប្រមាណ ៩២,៥៤​ ភាគរយ ​(២៤៨​គម្រោង​)​ នៃ​គម្រោង​វិនិយោគ​សរុប ខណៈ​ទុនវិនិយោគ​ប្រមាណ ៤៦ ​ភាគរយ​បាន​ពី​វិស័យនេះ​។ គម្រោង​ក្នុង​វិស័យ​ឧស្សាហកម្ម​ធំៗ​មានដូចជា គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​, គម្រោង​ពង្រីក​ផលិតកម្ម​ដំឡើង​ម៉ូតូ​, និង​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១២ ខែកុម្ភៈ ថា លក្ខខណ្ឌ​អំណោយ ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច ច្បាប់​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ពលកម្ម ទីផ្សារ និង​ប្រព័ន្ធ​អនុ​​គ្រោះ​ពន្ធ​ពី​ប្រទេស​ធំៗ​ បាន​ជួយ​ឱ្យ​កម្ពុជា ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​បើក​រោងចក្រ​/​សហ​គ្រាស​កាន់តែច្រើន​។ លោក​បន្ថែមថា បន្ថែម​លើ​នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា និង​ចូល​ជា​ធរមាន​ជា​បន្តបន្ទាប់​ជា​មួយ​ប្រទេស​ចិន កូរ៉េខាងត្បូង កិច្ច​​ព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏​ជា​ចំណែក​ជួយ​ទាក់ទាញ​វិនិយោគិន​ ឱ្យមក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ថ្លែងថា​៖«​កម្ពុជា​កំពុង​បង្កើន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ឱ្យ​វិ​និ​យោគិន​មក​បណ្តាក់ទុន​កាន់តែច្រើន ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​មាន​រោងចក្រ​ធំៗ​ជាច្រើន​ដូចជា ឧស្សាហកម្ម​ផលិត និង​ដំឡើង​យានយន្ត ផលិត​សម្បក​កង់​យានយន្ត គ្រឿង​បង្គុំ​ម៉ាស៊ីន សម្ភារ​អគ្គិសនី និង​រោងចក្រ​ធុន​ធ្ងន់​ដែល​ប្រើប្រាស់​បច្ចេក​​វិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​»​។​

​លោក​លើកឡើងថា ដើម្បី​ចូលរួម និង​ត្រៀម​ចាប់យក​ឱកាស​ពី​ការមកដល់​របស់​រោង​ចក្រ​/​ឧស្សាហកម្ម​ធំៗ បច្ចុប្បន្ន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់ខ្លួន​ផងដែរ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទផ្សាយ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍