កម្ពុជាជាប់លេខរៀងទី៣ សម្រាប់ការកើនឡើងប្រាក់ចំណូលក្នុងកិច្ចព្រមព្រៀង RCEP

កម្ពុជាជាប់លេខរៀងទី៣ សម្រាប់ការកើនឡើងប្រាក់ចំណូលក្នុងកិច្ចព្រមព្រៀង RCEP

 

ភ្នំពេញ: ធនាគារ​ពិភពលោក​ទើបតែ​បានចេញ​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា​”Eliminating the Economic and Distributional Impacks of the Regional Comprehesive Economic Partnership” ដោយ​បង្ហាញថា​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៣ ទទួលបាន​អត្ថប្រយោជន៍​ពី RCEP បន្ទាប់ពី​វៀតណាម និង​ម៉ាឡេស៊ី ហើយ​ប្រទេស​កម្ពុជា ក៏​ជាប់​លេខ​៣ នៃ​ប្រទេស​នាំចេញ​ខ្ពស់​ដោយមាន​កំណើន ៦,៥ ភាគរយ បន្ទាប់ពី​វៀតណាម មាន ១១,៤ ភាគរយ និង ជប៉ុន ៨,៩ ភាគរយ។

របាយការណ៍​ស្រាវជ្រាវ​កម្រាស់ ៤៦ ទំព័រ ដែល​ទើប​ចេញផ្សាយ​នេះ បាន​លាតត្រដាង​នូវ​សេណារីយ៉ូ​ត្រឹម​ឆ្នាំ ២០៣៥ ដោយ​ផ្តោតលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP ដែល​បាន​ចុះហត្ថលេខា​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០២១ ដោយ​ប្រទេស ១៥ ជា​សមាជិក។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​នឹង​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​និង​សម្គាល់​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ចិន​នៅពេលដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​សម្រាប់​ឥទ្ធិពល និង​ឧត្តមភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រទេស​ចំនួន ១៥ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​តំណាងឱ្យ​ជិត​មួយ​ភាគបី​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ ២០២០ តាមរយៈ​សន្និសីទ​តាម​វីដេអូ Conference។

ដោយមាន​ការគាំទ្រ​ពី​មហា​យក្ស​ចិន​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី២ ក្នុង​ពិភពលោក RCEP ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅ​ទូទាំង​អាស៊ី​-​ប៉ាស៊ីហ្វិក​និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ រ៉ាន់ រើយ

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២