ការយល់ដឹងហិរញ្ញវត្ថុសំខាន់សម្រាប់ស្ត្រី

ការយល់ដឹងហិរញ្ញវត្ថុសំខាន់សម្រាប់ស្ត្រី

 

ភ្នំពេញៈ ក្នុង​រយៈពេល​ពេញ ១ ឆ្នាំ សហគ្រិន​ស្ត្រី និង​និស្សិត​ជិត ១ ​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​បាន​ចូលរួម​បណ្តុះបណ្តាល និង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បង្កើន​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​។

ការបណ្តុះបណ្តាល​នេះ​ធ្វើ​​ឡើង​ក្រោម​គម្រោង​កិច្ចសហការ​បណ្តុះបណ្តាល​រវាង​ក្រសួង​កិច្ចការនារី ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន Visa​។

លោក ថេ ឈុនហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការនារី​ថ្លែង​តាម​សេចក្តីប្រកាស​ព័ត៌មាន ចំពោះ​សមិទ្ធផល​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​ស្ត្រី​ជា​សហគ្រិន​កាលពី​ថ្ងៃទី​ ៨ ខែមីនា បានឱ្យដឹងថា តាមរយៈ​គម្រោង​នេះ សហគ្រិន​ស្ត្រី​ទាំងនេះ អាច​ប្រើប្រាស់​ចំណេះដឹង ដែល​ទទួលបាន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចាកចេញ​ពី​ជីវភាព​ក្នុង​កម្រិត​មីក្រូសេដ្ឋកិច្ច និង​ក្រៅផ្លូវការ​។

លោក​ថ្លែងថា​៖ «​យើង​ក៏​សង្ឃឹម​ពួកគាត់​អាច​ចែករំលែក​នូវ​ចំណេះដឹង​ និង​ភាពជោគជ័យ​ថ្មីៗ​របស់​ពួកគាត់​ទៅដល់​ស្ត្រី​ផ្សេងទៀត តាមរយៈ​ការផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​»​។

បើតាម លោក ថេ ឈុនហាក់ លទ្ធភាព​របស់​ស្ត្រី​ក្នុងការ​ទទួលបាន​នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​បញ្ហា​ទាំងនេះ​កើតឡើង​ជាពិសេស​ចំពោះ​ស្ត្រី​ដែល​រស់នៅ​តាម​តំបន់​ដាច់ស្រយាល ពោលគឺ​ស្ត្រី​នៅតាម​ជនបទ​ភាគច្រើន​ខ្វះ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ខ្វះ​ឯករាជភាព​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​គ្រួសារ​។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យដឹង​ដែរ​ថា ធនាគារ ជាតិ​នៃ​កម្ពុជា​បានកំណត់​យក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជា​សសរស្ដម្ភ​ដ៏សំខាន់​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​លទ្ធភាព​ស្មើគ្នា​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ភាពជា​សហគ្រិន​។

លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Visa ក្នុង​ការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។ លោក​បន្តថា វគ្គបណ្តុះបណ្តាល និង​វេទិកា​ពិភាក្សា​ទាំងអស់ សុទ្ធតែ​មានការ​ចូលរួម​ធ្វើ​បទបង្ហាញ​ពី​អ្នកជំនាញ​មកពី​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​កិច្ចការនារី និង​​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​មកពី​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​វគ្គបណ្តុះបណ្តាល និង​វេទិកា​ពិភាក្សា​ទាំងនេះ​មាន​គោលដៅ​ផ្តល់នូវ​ចំណេះដឹង​ស្នូល​ដែល​ចាំបាច់​ស្របតាម​ការផ្លាស់ប្ដូរ​នៃ​បរិបទ​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន ការលើក​កម្ពស់​សារៈសំខាន់​នៃ​សុខុមាលភាព ហិរញ្ញវត្ថុ​គ្រួសារ និង​ការបណ្ដុះ​ស្មារតី​សហគ្រិនភាព​ និង​ភាពច្នៃប្រឌិត​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ នៅ ស៊ីវុត្ថា

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​