ក្រសួងជំរុញឱ្យអ្នកពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាក្នុងវិស័យកសិកម្ម

ក្រសួងជំរុញឱ្យអ្នកពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាក្នុងវិស័យកសិកម្ម

 

ភ្នំពេញៈ ក្រសួងកសិកម្ម​ស្នើ​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម វិស័យ​ផលិតកម្ម​កសិកម្ម ផលិតកម្ម​សត្វ និង​ផលិតផល​ជលផល ចូលរួម​អនុវត្ត​ឱ្យបាន​ឆាប់បំផុត ចំពោះ​ការស្នើសុំ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​វិញ្ញាបនបត្រ​ក្នុង​ទម្រង់​អេឡិចត្រូនិក​នៃ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​។

លិខិត​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២០ ខែមេសា ឆ្នាំ​ ២០២២ បានឱ្យដឹងថា ដើម្បី​ចូលរួម​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​ ២ ឱ្យបាន​ឆាប់រហ័ស​បំផុត​ក្នុងការ​អនុវត្ត​វិធានការ​នៃ​កិច្ចសម្រួល​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​វិស័យ​ផលិតកម្ម​កសិកម្ម ផលិតផល​ជលផល និង​ផលិតកម្ម​សត្វ ព្រមទាំង​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ របស់​រដ្ឋាភិបាល ក្រសួង​បានស្នើ​ឱ្យ​អនុវត្ត​លក្ខខណ្ឌ​ចំនួន​ ៣​។

លក្ខខណ្ឌ​ទី​ ១ ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត និង​វិញ្ញាបនបត្រ​ពាក់ព័ន្ធ​នឹង​ចំណី​សត្វ និង​បសុឱសថ​ត្រូវ​រៀបចំ និង​ភ្ជាប់​ការតម្រូវ​ឯកសារ​ស្របតាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ប្រកាស​ស្តីពី​នីតិវិធី និង​ការតម្រូវ​បមាណីយ​ (Standard, measure; model) ​នៃ​ការចុះបញ្ជី ការនាំ​ចូល ការនាំចេញ ការនាំ​ឆ្លងកាត់ ការផលិត ការ​លាយ​ផ្សំ ការ​វេចខ្ចប់​ជាថ្មី ការធ្វើ​សន្និធិ ការផ្គត់ផ្គង់​ចែកចាយ ការដឹកជញ្ជូន​ចំណី​សត្វ និង​បសុឱសថ ដូច​មាន​តម្រូវ​លក្ខខណ្ឌ​នៅក្នុង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​, ទី​ ២ ការដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ ការនាំចេញ​ទៅវិញ និង​ការ​នាំចូល​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​ត្រូវ​រៀបចំ​ និង​ភ្ជាប់​ការតម្រូវ​ឯកសារ​ស្របតាម​អនុក្រឹត្យ និង​ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​ដូច​មាន​តម្រូវ​លក្ខខណ្ឌ​ក្នុង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា និង​ទី ​៣ ការដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​នាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​ផល​ផលិតផល​ជលផល ត្រូវ​រៀបចំ និង​ភ្ជាប់​ការតម្រូវ​ឯកសារ ស្របតាម​ច្បាប់​ស្តីពី​ជលផល និង​ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ នាំចូល​និង​នាំ​ឆ្លងកាត់​ផល ផលិតផល​ជលផល ដូច​មាន​តម្រូវ​លក្ខខណ្ឌ​ក្នុង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ រីច ហ្វាម អេស៊ា បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការរៀបចំ​ឱ្យមាន​ការស្នើសុំ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​វិញ្ញាបនបត្រ​ក្នុង​ទម្រង់​អេឡិចត្រូនិក​នៃ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​នេះ គឺមាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ទ្វេភាគី និង​តំបន់ ដែល​កម្ពុជា និង​ប្រទេស​ជា​ដៃគូ​កាលពីពេល​កន្លងទៅ​។ លោក​បន្ថែមថា ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កម្ពុជា​នាំមក​នូវ​គុណប្រយោជន៍​ច្រើន​ដល់​អ្នកវិនិយោគ តាមរយៈ​ការ​កាត់បន្ថយ​ពេលវេលា និង​ចំណាយ​មិន​ចាំបាច់​នានា ក៏ដូចជា​គុណប្រយោជន៍​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម ផលិតផល​ជលផល និង​ផលិតកម្ម​សត្វ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ត្រឹមត្រូវ​ទៅ​ច្បាប់​តម្រូវ​ផង បទដ្ឋាន​បច្ចេកទេស និង​អនាម័យ​ផងដែរ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិចេ្ឆទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២