ក្រសួងអំពាវនាវឱ្យអ្នកក្នុងផលិតកម្មមៀន រៀបចំដាក់ពាក្យចុះបញ្ជី

ក្រសួងអំពាវនាវឱ្យអ្នកក្នុងផលិតកម្មមៀន រៀបចំដាក់ពាក្យចុះបញ្ជី

 

ភ្នំពេញៈ ក្រសួង​កសិកម្ម បាន​អំពាវនាវ​ឱ្យ​អ្នក​ក្នុង​វិស័យ​ផលិតកម្ម​មៀន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេចខ្ចប់​ឱ្យបាន​ឆាប់រហ័ស ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ចិន ក្រោយ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បាន​ចូល​ជា​ធរមាន​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឱ្យដឹងថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវបាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី ​១៦ ខែមីនា ឆ្នាំ​ ២០២២ ថ្មីៗ​នេះ​។ ហេតុ​ដូចនេះ​ទើប​ក្រសួង​អំពាវនាវ​ទៅដល់​ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន សហគមន៍-​កសិកម្ម​មៀន​ប៉ៃលិន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ឱ្យបាន​ឆាប់រហ័ស​នៅ​អគ្គនាយកដ្ឋាន​-​កសិកម្ម នៃ​ក្រសួងកសិកម្ម​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​លក្ខខណ្ឌ​គុណភាព​ឆ្លើយតប និង​ការនាំចេញ​កសិផល ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​-​សេរី​កម្ពុជា​-​កូរ៉េ និង​ចិន​» កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២២ ធ្លាប់បាន​លើកឡើងថា ការចរចា​ជាមួយ​ភាគី​ចិន មាន​ចំនួន ៧ ​ដំណាក់កាល ដោយ​បច្ចុប្បន្ន​ឈាន​ចូលដល់​ដំណាក់កាល​ទី​ ៦ ហើយ​។ ដូចនេះ នៅសល់តែ​ ១ ដំណាក់កាល​ទៀត កម្ពុជា​អា​ចនាំមៀន​ប៉ៃលិន​ទៅ​ចិន​បាន​ហើយ​។

លោក​បញ្ជាក់ថា ក្រសួង​កំពុង​យកចិត្ត​ទុកដាក់​លើ​ការពិនិត្យ​ឡើងវិញ​ចំពោះ​ចម្ការ​មៀន រោងចក្រ​វេចខ្ចប់ និង​សម្លាប់​សមាសធាតុ​ចង្រៃ ដែល​បានដាក់​ស្នើសុំ​ទៅ​ភាគី​ចិន​ ដើម្បី​ឱ្យ​អនុវត្ត​ទៅតាម​អ្វីដែល​មានចែង​នៅក្នុង​ពិធីសារ​ទើប​អាច​នាំចេញ​បាន​។

ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន លោក សាយ សុផាត បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែមីនា​ថា បច្ចុប្បន្ន​ការស្នើសុំ​ចុះបញ្ជី​ចម្ការ​របស់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ទើប​មាន​ប្រមាណ​ ៣០ ​ភាគរយ​នៃ​អ្នក​ដែល​ធ្លាប់​ចូលរួម​បណ្តុះបណ្តាល​ជាមួយ​មន្ទីរ​កសិកម្ម​កាលពី​ឆ្នាំ​ ២០២១ កន្លងទៅ​។ លោក​បន្ថែមថា ចំនួន​នេះ​នៅមានកម្រិត​បើ​ធៀប​នឹង​ចំនួន​អ្នក​ដែលមាន​ដាំដុះ​មៀននៅ​ទូទាំង​ខេត្ត​ប៉ៃលិន ព្រោះ​នៅមាន​កសិករ​ដែល​មិនទាន់​បានទទួល​ការបណ្តុះបណ្តាល​ជាច្រើន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ដាំដុះ​កំពុង​រង់ចាំ​មើលថា ប្រសិនបើ​មៀន​ប៉ៃលិន អាច​ចរាចរ​ចេញទៅ​ចិន​បាន​ឆាប់ៗ​នេះ​មែន នោះ​នឹងមាន​អ្នក​ដាំដុះ​ថ្មី​បន្ថែមទៀត​។ ការដាំដុះ​មៀន​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន​មាន​ចំនួន​តិចតួច​ជាង​បាត់ដំបង​ដោយសារតែ​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ​បច្ចុប្បន្ន យើង​កំពុង​រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​បន្ថែម ដើម្បី​ជំរុញឱ្យមាន​ការដាំដុះ​មៀន​»​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឈឹម វជីរា បាន​និយាយ​ដែរ​ថា អ្នក​ដាំ​មៀន​ប៉ៃលិន​នៅ​ខេត្តបាត់ដំបង បានធ្វើការ​ចុះបញ្ជី​ច្រើន​ហើយ ដោយ​មន្ទីរ​នឹង​ជំរុញ​ឱ្យ​អ្នក​ទាំងអស់​ចុះបញ្ជី​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុងពេល​ឆាប់​នេះ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២​