ធនាគារពិភពលោកប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

ធនាគារពិភពលោកប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

 

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Maria Angelica Sotomayor ប្រធានផ្នែកអនុវត្តវិស័យទឹកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងបានពិភាក្សាអំពីគម្រោងទឹកស្អាតដែលកំពុងអនុវត្ត និងការពង្រីកការគាំទ្របន្ថែមទៀតសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ធនាគារពិភពលោក ដែលបន្តគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ។ ឯកឧត្តមបានសង្កត់ធ្ងន់លើដំណោះស្រាយចំពោះការប្រែប្រួល​អាកាសធាតុ​​សម្រាប់​និរន្តរភាព​ និង​ភាពចាំបាច់​ក្នុង​ការ​កែលម្អនិយតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធវិស័យទឹកស្អាត។

ឯកឧត្តមបាន​លើកឡើង​ថា​៖ “​ការ​ប្រែប្រួល​អាកាសធាតុ​កើតមានពិត​ប្រាកដ ហើយ​វា​បាននិងកំពុង​ប៉ះពាល់​ដល់​ប្រភព​ទឹក និង​គម្រោង​ដែលយើង​កំពុងអនុវត្ត។”

លោកស្រី Sotomayor បានបង្ហាញការប្តេជ្ញាយ៉ាងមុតមាំរបស់ធនាគារពិភពលោកចំពោះវិស័យទឹកស្អាតនៅកម្ពុជា ដោយសន្យាផ្តល់ជំនួយបច្ចេកទេសបន្ថែម និងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍សាកលរបស់ខ្លួនជាមួយកម្ពុជា ទាក់ទងនឹងការរៀបចំក្របខ័ណ្ឌនិយតកមុ្មវិស័យប្រកបដោយប្រសិទ្ធភាព។

លោកស្រីក៏បានជម្រាបជូនថា ធនាគារទើបបានអនុម័តអភិក្រមកម្មវិធីពហុដំណាក់កាលថ្មី សម្រាប់រយៈពេល១០ឆ្នាំ ហើយស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងកម្មវិធីថ្នាក់តំបន់នេះ ដោយផ្តោតលើការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានស្នើឱ្យធនាគារពិភពលោក ពិចារណាកែសម្រួលលក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រឱ្យឧស្សាហកម្មក្នុងស្រុកអាចចូលរួមផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត។ ឯកឧត្តមបានលើកឡើងថា៖ “យើងត្រូវបន្តគាំទ្រឧស្សាហកម្មក្នុងស្រុក រួមទាំងឧស្សាហកម្មផលិតទុយោ ម៉ាស៊ីបូមទឹក និងឧបករណ៍ផ្សេងៗទៀត។ បច្ចុប្បន្ន រោងចក្រក្នុងស្រុករបស់យើងមួយចំនួនមានស្តង់ដាអន្តរជាតិ ហើយពួកគេអាចរួមចំណែកសំខាន់ក្នុងវិស័យនេះ។”

គណៈប្រតិភូកំពុងបំពេញបេសកកម្មការងារនៅកម្ពុជាក្នុងសប្តាហ៍នេះ ហើយនឹងចុះទស្សនកិច្ចរោងចក្រ ផលិតទឹកស្អាត របស់រដ្ឋាករទឹកស្ទោង-តាំងក្រសាំង ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។

ដោយ៖ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍