សម្បកកៅស៊ូកង់រថយន្តកំពុងក្លាយជាទំនិញអាទិភាពមួយរបស់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដោយនៅក្នុងរយៈពេល ១១ខែនៃឆ្នាំ២០២៥ ផលិតកម្មនេះបាននាំថវិកាចូលជាតិប្រមាណជាង ១,២ ពាន់លានដុល្លារ កើនជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តកាន់តែច្រើនបានបើកដំណើរការជាបន្តបន្ទាប់នៅកម្ពុជា។ គិតរហូតមកដល់ពេលនេះនៅកម្ពុជាមានរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តយ៉ាងតិចចំនួន ៦ កំពុងដំណើរការ ដែលរោងចក្រទាំងនេះសុទ្ធតែមានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក។
បើតាមផែនការយ៉ាងហោចណាស់នៅត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ ខាងមុខនឹងមានរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តថ្មីមួយទៀតស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI បើកដំណើរការ។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតសម្បកកៅស៊ូកង់រថយន្ត Sailun Tire Cambodia លោក គីន ឧត្តមមុនីស៊ីណាត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គុណភាពសម្បកកៅស៊ូកង់រថយន្តផលិតក្នុងប្រទេសកម្ពុជាកំពុងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេសហើយក៏កំពុងក្លាយជាទំនិញសក្តានុពលនៃការនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។ បច្ចុប្បន្នមានវិនិយោគិនអន្តរជាតិធំៗកាន់តែច្រើនបង្ហាញការចាប់អារម្មណ៍ពីការវិនិយោគលើរោងចក្រផលិតសម្បកកៅស៊ូកង់រថយន្តនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា មូលហេតុដែលជំរុញឱ្យក្រុមហ៊ុនផលិតសម្បកកៅស៊ូកង់រថយន្តអន្តរជាតិកាន់តែច្រើនចាប់អារម្មណ៍បើករោងចក្រនៅកម្ពុជា គឺច្បាប់វិនិយោគកម្ពុជាមានលក្ខណៈអំណោយផល ផលិតផលជ័រកៅស៊ូកម្ពុជាមានគុណភាពល្អ សម្បូរកម្លាំងពលកម្មនិងតម្លៃសមរម្យ និងជាពិសេសផលិតផលកម្ពុជាមានទីផ្សារប្រទេសជាច្រើនលើពិភពលោកកំពុងរង់ចាំបញ្ជាទិញ។
លោកអះអាងថា៖«ក្នុងឆ្នាំ២០២៤ សម្បកកៅស៊ូកង់រថយន្តដែលក្រុមហ៊ុន Sailun Tire Cambodia ផលិត និងដាក់លក់នៅទីផ្សារក្នុងស្រុក និងនាំចេញមានប្រមាណជាង ៦ ម៉ឺនគ្រាប់ ប៉ុន្តែចូលមកដល់ឆ្នាំ២០២៥ គ្រាន់តែក្នុងរយៈពេល ៨ខែដើមឆ្នាំ ក្រុមហ៊ុនបានលក់ចេញក្នុងរង្វង់ ១០ ម៉ឺនគ្រាប់រួចទៅហើយ»។
លោកប្រាប់ទៀតថា សក្តានុពលនៃទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ បានធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកពីសំណាក់ក្រុមហ៊ុន Sailun Tire Cambodia កើនឡើងច្រើនក្នុងឆ្នាំ២០២៥ នេះ ដោយក្រុមហ៊ុនមានតម្រូវការជ័រកៅស៊ូក្នុងស្រុកនាឆ្នាំ២០២៥ នេះក្នុងរង្វង់ជាង ១០ម៉ឺនតោន កើនពីជាង ៥ ម៉ឺនតោនកាលពីឆ្នាំ២០២៤។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍