រដ្ឋាភិបាលត្រៀមឥណទាន $២៥០ លានផ្តល់ឱ្យ SMEs ក្នុងឆ្នាំ ២០២២

រដ្ឋាភិបាលត្រៀមឥណទាន $២៥០ លានផ្តល់ឱ្យ SMEs ក្នុងឆ្នាំ ២០២២

 

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកា ២៥០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២២ សម្រាប់​ផ្តល់​ឥណទាន​ត្រង់​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SMEs)​។ នេះ​បើតាម​ការលើកឡើង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែធ្នូ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា កន្លងមក​ការជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) គឺធ្វើឡើង​តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​អត្រា​ការប្រាក់​ប្រកួតប្រជែង តាមរយៈ​កម្មវិធី​សហហិរញ្ញប្បទាន​រវាង​ធនាគារ SME របស់​រាជរដ្ឋាភិបាល​ជាមួយនឹង​ធនាគារ ក៏ដូចជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ដោយបាន​អនុវត្ត ២ លើក​រួចមកហើយ​។

លោក​បន្ថែមថា គម្រោង​សហហិរញ្ញប្បទាន​របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ដាក់ឱ្យអនុវត្ត​ជា​លើក​ទី​ ១ កាលពី​ឆ្នាំ​ ២០២០ ចំនួន ៥០ ​លាន​ដុល្លារ និង​លើក​ទី​ ២ នៅ​ឆ្នាំ​ ២០២១ ចំនួន ៥០ ​លាន​ដុល្លារ ដែល​ថវិកា​ទាំង​ ២ ​លើក​នេះ​បាន​ប្រើ​​រួចហើយ ខណៈ​បច្ចុប្បន្ននេះ​ធនាគារ SME កំពុងធ្វើការ​ស្នើ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​កម្មវិធី​សហហិរញ្ញប្បទាន​បាន​សម្រួល​លក្ខខណ្ឌ​ជាច្រើន​ដើម្បីឱ្យ​គាត់​ទទួល​កម្ចី​ទាំងនេះ​បាន ព្រោះ​យើង​ដឹងថា ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​មកនេះ​គាត់​ជួប​ការលំបាក​ច្រើន តែ​ខ្ញុំ​សូមជម្រាបថា ការផ្តល់​ហិរញ្ញប្បទាន​នេះ មិនមែន​ផ្តល់ឱ្យ​ដោយ​គ្មាន​ការសង​ត្រឡប់​ទេ ប៉ុន្តែ​យើង​នឹង​ខិតខំ​សម្រួល​លក្ខខណ្ឌ​ឱ្យបាន​ច្រើន​ដើម្បី​ជួយ​ដល់​វិស័យនេះ​»​។

ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ ឱ្យដឹងថា កញ្ចប់​ថវិកា​ប្រមាណ ២៥០ ​លាន​ដុល្លារ​នេះ​ពិតជា​សំខាន់​ណាស់ ក្នុង​ការផ្តល់​ជា​ទុន​លើកស្ទួយ SMEs ដោយផ្ទាល់ និង​អាចជួយ​ស្រោចស្រង់​ដល់​វិស័យ​ឯកជន បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា មាន​វិស័យ​អាទិភាព​ចំនួន ៧ ដែល​នឹង​ទទួលបាន​អត្រា​ការប្រាក់​ទាប​ពី​ធនាគារ SME ត្រឹមតែ ៦,៥ ​ភាគរយ ហើយ​វិស័យ​មិន​អាទិភាព​ទទួលបាន​អត្រា​ការប្រាក់ ៧,៥ ​ភាគរយ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ហំ ផានិត

ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៥ ធ្នូ ២០២១