សហភាពអឺរ៉ុប(EU) និងអាល្លឺម៉ង់ បានប្រកាស«ពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា៖ ការនាំចេញ និងនវានុវត្តន៍កសិកម្ម (Launching of the EU-Cambodia Business Partnership: Export Lab and Agri-Innovation Lab) ដែលកម្មវិធីនេះមានគោលបំណងជំរុញ និងលើកកម្ពស់សមត្ថភាពការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។
ពិធីសម្ពោធបានធ្វើឡើងកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហគមន៍អឺរ៉ុប និងប្រទេសអាល្លឺម៉ង់ ព្រមទាំងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសរសេរថា មិនថាអ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ផលិតកម្មធ្វើឱ្យទាន់សម័យ ឬចង់ទៅកាន់ទីផ្សារអន្ដរជាតិ កម្មវិធីនេះនឹងផ្ដល់ជំនួយហិរញ្ញប្បទានរួមរហូតដល់ ៥ ម៉ឺនដុល្លារសម្រាប់គម្រោងនីមួយៗ ជាមួយនឹងការណែនាំពីអ្នកជំនាញ ការបណ្តុះបណ្តាលតាមតម្រូវការ និងឱកាសចូលរួមក្នុងការច្នៃប្រឌិត និងការប្រកួតប្រជែងនាំចេញ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានលើកឡើងថា៖«សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ កំពុងសហការជាមួយគ្នាដើម្បីបើកចំហសក្ដានុពលដែលមិនទាន់បានប្រើប្រាស់របស់កម្ពុជានៅក្នុងវិស័យកែច្នៃផលិតផលកសិកម្ម នវានុវត្តន៍ចំណីអាហារ និងការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃបន្ថែម។ យើងចង់ឃើញផលិតផលកម្ពុជាច្រើនជាងមុននៅលើធ្នើហាងអាហារនៅអឺរ៉ុប នៅភោជនីយដ្ឋាន និងពិព័រណ៍អាហារអឺរ៉ុប មិនត្រឹមតែជាផលិតផលទូទៅទេ ប៉ុន្តែជាសញ្ញានៃគុណភាព នវានុវត្តន៍ និងមោទនភាពផ្ទាល់ខ្លួន»។
អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍នៅស្ថានទូតអាល្លឺម៉ង់ លោក Gidon Windecker បានលើកឡើងពីសារៈសំខាន់នៃសហការនេះថា៖«តាមរយៈជំនាញបច្ចេកទេស ការអនុលោមតាមស្ដង់ដារអន្ដរជាតិ និងការភ្ជាប់អាជីវកម្មជាមួយគ្នា យើងកំពុងបង្កើតស្ពានភ្ជាប់រវាងសហគ្រាសកម្ពុជា និងអឺរ៉ុបដើម្បីបង្កើនភាពរឹងមាំនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ចូលកម្ពុជាចូលទៅក្នុងទីផ្សារអន្ដរជាតិ»។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ គឺកម្មវិធីសហប្រតិបត្តិការអាជីវកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា(EU-Cambodia Business Partnership Facility) មិនមែនជាកម្មវិធីផ្ដល់ថវិកាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំរុញដ៏សំខាន់សម្រាប់ការប្រែប្រួល នវានុវត្តន៍ និងការរីកចម្រើនប្រកបដោយចីរភាព។ យើងអញ្ជើញសហគ្រាសកម្ពុជាទាំងអស់ដែលមានលក្ខណៈសម្បត្តិ សូមចាប់យកឱកាសនេះដើម្បីលើកស្ទួយអាជីវកម្មរបស់អ្នក ធ្វើអត្ថប្រយោជន៍ដល់ការអភិវឌ្ឍជាតិ និងភ្ជាប់ខ្លួនជាមួយទីផ្សារពិភពលោក។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍