ឯកឧត្តម ហែម វណ្ណឌី ចុះទស្សនកិច្ចរោងចក្រផលិតទុយោ TCU និងរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ការវិនិយោគឯកជន និងកំណើនវិស័យទឹកស្អាត

ឯកឧត្តម ហែម វណ្ណឌី ចុះទស្សនកិច្ចរោងចក្រផលិតទុយោ TCU និងរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ការវិនិយោគឯកជន និងកំណើនវិស័យទឹកស្អាត

 

ខេត្តកំពង់ស្ពឺ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដើម្បីជំរុញការវិនិយោគឯកជនប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។

នៅក្រុមហ៊ុន LTKJ (Cambodia) Co., Ltd. ដែលដំណើរការរោងចក្រផលិតទុយោ TCU ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនកិច្ចខ្សែច្រវាក់ផលិតកម្ម និងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន។ រោងចក្រផលិតទុយោ TCU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ លើផ្ទៃដី ៨០.០០០ ម៉ែត្រការ៉េ និងមានបុគ្គលិកប្រមាណ១២០នាក់ រួមទាំងបុគ្គលិកជនជាតិខ្មែរប្រមាណ១០០នាក់ផងដែរ។

ក្រុមហ៊ុនផលិតទុយោច្រើនប្រភេទ រួមមានទុយោទឹកស្អាត លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និង លូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តម​បាន​លើកឡើង​ថា​៖ “​​កម្ពុជាកំពុង​​អភិវឌ្ឍ ហើយយើង​ត្រូវ​ការ​ផលិតផល​ទុយោដែល​មាន​គុណភាពខ្ពស់កាន់តែច្រើន​បន្ថែម​ទៀត ​ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០៣០ របស់​យើង​។ ដូច្នេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន ហើយសូមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់។”

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែមថា៖ “សូមរៀបចំកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជាកំពុងមានភាពប្រសើរឡើង។”

តំណាងក្រុមហ៊ុនបានបង្ហាញឆន្ទៈសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ជូនដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធវិញ្ញាបនបត្រកម្ម ស្តង់ដាជាតិ និងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត។

បន្ទាប់ពីដំណើរទស្សននៅកិច្ចរោងចក្រផលិតទុយោ TCU ឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះទស្សនកិច្ចរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដែលផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រសហគ្រាសឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន ៣ នៃខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រធុនធំជាង ៤០០ មូលដ្ឋាន។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនបានបង្ហាញពីប្រតិបត្តិការ និងផែនការរបស់ខ្លួន រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធ ដោយប្រើបច្ចេកវិទ្យា SCADA និង GIS ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមហ៊ុន ទាំងក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិ​យោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ច។

ឯកឧត្តម​បានណែនាំឱ្យក្រុមហ៊ុនបន្ត​កែលម្អ​ប្រតិបត្តិការជា​បន្តបន្ទាប់ ដោយលើកឡើង​ថា​៖ ”ទឹកស្អាត​ជា​សេវា​សង្គម​ចាំបាច់​ដែល​មានផលប៉ះពាល់ផ្ទាល់​ដល់​សុខភាព​សាធារណៈ​​។ សូមកុំស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។ បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើមហើយ។ ដូច្នេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត។”

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍