មន្ត្រីជាន់ខ្ពស់បារាំងបានលើកទឹកចិត្តឱ្យវិនិយោគិន និងធុរជនរបស់ខ្លួនបង្កើនការវិនិយោគ និងបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយសារតែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ គួបផ្សំនឹងបរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ។
លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសបានដឹកនាំគណៈប្រតិភូ និងធុរជនបារាំងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ២៤-២៥ ខែមករា ដែលអមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France នៅក្នុងគោលបំណងបង្កើនទំនាក់ទំនងការទូត និងធុរកិច្ចរវាងប្រទេសទាំង ២។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ មានពលរដ្ឋបារាំងប្រមាណ ៥ ០០០ នាក់កំពុងរស់នៅកម្ពុជា បានចុះបញ្ជីនៅស្ថានទូត។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាពនៅថ្ងៃទី ២៥ មករា លោក Olivier Becht បានឱ្យដឹងតាមរយៈលោក អ៊ាង សុផល្លែត ដែលជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីថា គណៈប្រតិភូវិនិយោគបារាំងមានជំនឿលើការវិនិយោគនៅកម្ពុជា ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកទគ្គកម្មលើអត្រាកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងរយៈពេល ២០ ឆ្នាំ, កម្ពុជាបន្តធ្វើកំណែទម្រង់ដែលបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ, កម្ពុជា កំពុងមានប្រជាពលរដ្ឋមានចំណូលកម្រិតមធ្យមច្រើន។
លោក Olivier បាននិយាយថា៖ «ឈរលើមូលហេតុទាំងអស់នេះហើយ ដែលនាំឱ្យអ្នកវិនិយោគបារាំង សម្រេចចិត្តធ្វើការជាមួយកម្ពុជាលើការស្វែងរកការវិនិយោគលើរថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក គោក និងអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត»។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ
រៀបរៀងដោយ៖ ម៉ៃ គុណមករា
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ថ្ងៃបោះពុម្ពផ្សាយ៖ ២៦ មករា ២០២៣
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។