រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនបច្ចេកវិទ្យា VP.Start ជាក្រុមហ៊ុនបច្ចេកវិទ្យាវិស្វកម្មក្នុងស្រុក ដែលមានឯកទេសខាងប្រព័ន្ធគ្រប់គ្រងបណ្តាញអគ្គិសនី និងថាមពលឆ្លាតវៃ។
ក្នុងកិច្ចប្រជុំនោះ តំណាងក្រុមហ៊ុនបានជម្រាបជូនអំពីចក្ខុវិស័យរបស់ខ្លួនក្នុងការពង្រីកទៅកាន់ទីផ្សារអន្តរជាតិ និងស្វែងរកការគាំទ្រពីក្រសួងទាក់ទងនឹងភាពអនុលោម និងវិញ្ញាបនបត្របញ្ជាក់នវានុវត្តន៍។
ក្រុមហ៊ុន VP.Start ដែលបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការឧបករណ៍ជាង ១០.០០០ គ្រឿងសម្រាប់អគ្គិសនីកម្ពុជា បានលើកឡើងថា ផលិតផលទាំងអស់របស់ខ្លួនត្រូវបានរចនា និងផលិតឡើងនៅក្នុងប្រទេសកម្ពុជា ដោយក្រុមវិស្វករខ្មែរចំនួនប្រមាណ១០០នាក់។ ក្រុមហ៊ុនក៏បានរំលេចអំពីបច្ចេកវិទ្យាដែលផ្តោតលើនិរន្តរភាពរបស់ខ្លួន សម្រាប់ជួយកាត់បន្ថយការប្រើប្រាស់ និងចំណាយលើថាមពល តាមរយៈការវិភាគទិន្នន័យបណ្តាញអគ្គិសនីឆ្លាតវៃ។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ការអញ្ជើញទៅទស្សនកិច្ចក្រុមហ៊ុន និងបានកោតសរសើរចំពោះការច្នៃប្រឌិតផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ ឯកឧត្តមបានលើកឡើងថា៖ «នេះជាគំរូគួរជាទីមោទន ដែលបង្ហាញពីទេពកោសល្យវិស្វកម្មរបស់កូនខ្មែរច្បាស់ជាក់ស្តែង។ ប៉ុន្តែដើម្បីប្រកួតប្រជែងជាអន្តរជាតិ ក្រុមហ៊ុនក៏ត្រូវវិនិយោគលើការការពារកម្មសិទ្ធិបញ្ញា និងត្រូវមានអនុលោមភាពផ្នែកស្តង់ដារ។”
ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងសហការជាមួយមន្ទីរពិសោធន៍ជាតិ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងចង់ឱ្យក្រុមហ៊ុនកាន់តែទទួលជោគជ័យ ហើយក៏អាចយិតយោងក្រុមហ៊ុនក្នុងស្រុកដទៃទៀត ដោយធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងស្រាវជ្រាវរបស់យើង វិវត្តរីកចម្រើន។”
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍