គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជាប្រមាណជាង ១២ តោនត្រូវបាននាំចេញជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី ខណៈឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាចាត់ទុកថាជាចំណែកដែលនឹងជួយគាំទ្រដល់ការសម្រេចគោលដៅរបស់ប្រទេសកម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលប៉ុន្មានឆ្នាំខាងមុខ។
ពិធីសម្ពោធការនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី ត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ដោយមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរជាច្រើនទៀត។
សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បានគាំទ្រក្រុមហ៊ុន Royal Trust Trading Co., Ltd. (RTT) និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមកម្ពុជា ទៅប្រទេសអូស្រ្តាលីលើកដំបូងនេះ មានបរិមាណជាង ១២ តោន ដែលរួមមាន គ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម។ ចំណែកការនាំចេញលើកទី ២ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងបរិមាណច្រើនជាងមុន។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Derek Yip បាននិយាយថា អូស្ត្រាលីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយកម្ពុជា និងអាជីវកម្មរបស់កម្ពុជាដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅទទួលបានទីផ្សារថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះនឹងជួយគាំទ្រដល់គោលដៅរបស់ប្រទេសកម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចប្រកបដោយជោគជ័យ។
លោកបានបន្ថែមថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើននូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរផងដែរ។ យើងប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។
លោកលើកឡើងទៀតថា ព្រឹត្តិការណ៍នេះ ក៏បានគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ព៍ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។