ទិន្នផល​ស្វាយចន្ទីកំពង់ធំ ​គ្របដណ្តប់​ប្រហែល ៣០% នៃ​ផល​សរុប​ក្នុង​ប្រទេស

ទិន្នផល​ស្វាយចន្ទីកំពង់ធំ ​គ្របដណ្តប់​ប្រហែល ៣០% នៃ​ផល​សរុប​ក្នុង​ប្រទេស

 

ទិន្នផល​​គ្រាប់​ស្វាយចន្ទី​​​​(ឆៅ)​ដែល​ខេត្ត​​កំពង់ធំ​ប្រមូល​បានជា​រៀង​រាល់​ឆ្នាំ គឺ​មាន​ចំណែក​ប្រហែល​​ ៣០%​ នៃទិន្នផល​ដែល​ប្រមូល​បាន​នៅ​ទូទាំង​ប្រទេស​ ហើយ​ចំនួន​នឹង​​​កើន​ឡើង​បន្ថែមទៀត​​​​​នៅ​ពេលគម្រោង​​អភិវឌ្ឍតំបន់សួនឧស្សាហកម្មកសិ​កម្ម​ស្វាយ​ចន្ទី បើក​ដំណើរ​ការ​។​

សមាគមស្វាយចន្ទីកម្ពុជា​(សសក) បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​កំពង់ធំ ​គឺ​ជាមជ្ឈ​មណ្ឌល​ដ៏សំខាន់ និងធំ​​ជាង​គេលើ​​ផលិតកម្ម​​​ស្វាយចន្ទី ដោយ​មាន​​ផ្ទៃដីដាំដុះជាង ១៤៧ ០០០ ហិកតា ឬ​​ស្មើ​នឹង​ ២១% ​នៃ​ផ្ទៃដី​ដាំស្វាយចន្ទី​ទូទាំង​ប្រទេសដែល​មាន​ប្រហែល ៧០០ ០០០ ហិកតា​​។​ ជាមួយ​គ្នា​នេះ​​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​ក៏​កំពុង​អភិវឌ្ឍ​តំបន់សួនឧស្សាហកម្មកសិ​កម្មស្វាយចន្ទី ដើម្បីជំរុញការកែច្នៃ បង្កើតការងារ និងពង្រឹង​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​(កែច្នៃ​រួច) ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​​។​

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៨ ខែ​តុលា​ថា ខេត្តកំពង់ធំកំពុង​គ្រង​តំណែង​​ ​«ស្តេចស្វាយចន្ទី» របស់កម្ពុជា​​។ ជាទូទៅ​ដំណាំ​ស្វាយចន្ទី​នៅ​ខេត្ត​កំពង់ធំ​ផ្តល់​​​ទិន្នផលជាមធ្យម​ប្រហែល ១,៥ តោនក្នុង ១ហិកតា​សម្រាប់​រយៈពេល​ ១​ឆ្នាំ ដែលជួយ​ឱ្យ​ខេត្ត​កំពង់ធំ​ប្រមូល​ផល​បាន​ជាង ២២០ ០០០​តោន។ ចំនួន​នេះ​​ស្មើនឹងប្រហែល ៣០% នៃទិន្នផលស្វាយចន្ទីទូទាំង​​ប្រទេស។

លោក​ប្រាប់​ទៀត​ថា ក្នុង​គោល​បំណង​ជំរុញ​ការ​ដាំដុះ កែច្នៃ និង​លើក​កម្ពស់ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ ទៅ​ទីផ្សារ​អន្តរជាតិ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសពី​​ដំណើរការអភិវឌ្ឍសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញវិស័យស្វាយចន្ទីក្នុង​ប្រទេស។

លោកប្រាប់​ទៀត​ថា ​បច្ចុប្បន្នដោយសារ​សមត្ថភាព​នៃហិរញ្ញវត្ថុ ​ឃ្លាំងស្តុក និង​រោងចក្រ/សហគ្រាស​កែច្នៃនៅ​មាន​កម្រិត ដូច្នេះ​ជា​រៀង​រាល់​ឆ្នាំ​កម្ពុជា​បាន​នាំ​ចេញ​​គ្រាប់​ស្វាយចន្ទី​ឆៅ​ជា​ច្រើន​សិបម៉ឺន​​តោន​ទៅ​កាន់​ប្រទេស​ជិត​ខាង​(វៀតណាម) ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ប្រាក់​ចំណូល​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ឆ្លងកាត់​។

លោកបានប្រាប់​ទៀត​ថា ក្នុងរយៈពេល ៨​ខែដំបូងនៃឆ្នាំ២០២៥ បើតាមព័ត៌មានក្រៅផ្លូវការ គឺ​កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៤១ ០០០ តោន ដោយ​ប្រមូល​ប្រាក់ចំណូលបានប្រហែល​ ១,៤ ពាន់លានដុល្លារ។ បច្ចុប្បន្ន​​មាន​គ្រាប់​ស្វាយចន្ទី​ឆៅ​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ច្រើន ប៉ុន្តែ​ធ្វើ​ឡើង​តាម​រយៈ​ប្រទេស​ប្រទេស​ជិត​ខាង​(វៀតណាម)។

បើ​តាម សសក ​កម្ពុជា​បច្ចុប្បន្ន​មាន​​ផ្ទៃដី​ដាំស្វាយចន្ទី​​​ប្រមាណ ៧០០ ០០០ ហិកតា ក្នុងនោះ ៥៨០ ០០០ ហិកតា​ជា​ផ្ទៃដី​​ប្រមូលផល និងប្រមាណ ១២០ ០០០ ហិកតា​​ជាដំណាំដាំថ្មី។ ជា​មធ្យម​ក្នុង ១ឆ្នាំ​កម្ពុជា​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​(ឆៅ) បាន​​ចន្លោះពី ៨០០ ០០០ ទៅ ១ ០០០ ០០០​តោន។

យោងតាម​ លោក ស៊ីឡុត គិតត្រឹមដើមឆ្នាំ​២០២៥ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី​ចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម​(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោន​ក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ​មិនមានផលិតកម្មពេញ ១ឆ្នាំឡើយ៕

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

ដោយ៖ ភ្នំពេញ ប៉ុស្តិ៍