កម្ពុជាពង្រឹងវិស័យម្ហូបអាហារ និងជលផលតាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

កម្ពុជាពង្រឹងវិស័យម្ហូបអាហារ និងជលផលតាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

 

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២២៥ — គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH)​ បានឈានដល់ដំណាក់កាលបញ្ចប់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់វិស័យម្ហូបអាហារ និងជលផល តាមរយៈនវានុវត្តន៍ ការស្រាវជ្រាវ និងភាពជាដៃគូចម្រុះវិស័យ។

នៅក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យ បានពិនិត្យសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងពិភាក្សាអំពីយុទ្ធសាស្ត្រនិរន្តរភាពរបស់គម្រោង។

ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះសម្រាប់របៀបវារៈជាតិស្តីពីការស្រាវជ្រាវអនុវត្ត (applied research) កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងសន្ទស្សន៍នវានុវត្តន៍ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារ និងផលិតផលជលផលរបស់កម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កសាងឧស្សាហកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព ហើយបទពិសោធនៃគម្រោង CAPFISH នឹងជួយពង្រឹងយុទ្ធសាស្ត្ររបស់យើងសម្រាប់ពេលអនាគត។”

សិក្ខាសាលាបានរំលេចសមិទ្ធផលសំខាន់ៗរបស់គម្រោង ដូចជាការដាក់ឱ្យដំណើរការថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ (FTRIP) ការបង្កើតមជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា (CPC) ការបង្កើតគំរូគោលនយោបាយកម្មសិទ្ធិបញ្ញាកម្រិតសាកលវិទ្យាល័យ ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ប្រភេទភូមិសាស្ត្រ (GI) និងការអនុវត្តគោលការណ៍ណែនាំស្តីពីនវានុវត្តន៍សហគ្រាសកម្ពុជាជាដើម។

បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានលើកឡើងថា សមិទ្ធផលទាំងនេះបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រកួតប្រជែងរយៈ​ពេលវែងក្នុងវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា។

ជាមួយគ្នានោះ បណ្ឌិត Thombathu Seetharama Shetty ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ UNIDO ក៏បានរំលេចដែរថា ថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ បានផ្សារភ្ជាប់ការ​ស្រាវ​ជ្រាវ​​ជាមួយនឹងតម្រូវការក្នុងឧស្សាហកម្ម ដោយប្រែក្លាយលទ្ធផលវិទ្យាសាស្ត្រឱ្យទៅជានវានុវត្តន៍ជាក់​ស្តែង​​សម្រាប់សហគ្រាសកម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

គម្រោង CAPFISH-Capture បានទទួលមូលនិធិពីសហភាពអឺរ៉ុប ដែលអនុវត្តដោយរដ្ឋបាលជលផល ក្រោមការគាំទ្របច្ចេកទេសពីអង្គការ UNIDO។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ហើយសមិទ្ធផលរបស់គម្រោងត្រូវបានរំពឹងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍