រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ — ថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)របស់កម្ពុជា បានពិនិត្យវឌ្ឍនភាព និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីតម្រង់ទិសអាទិភាពជាតិ ឱ្យស្របតាមផែន ការសកម្មភាពថ្មីរបស់អាស៊ាន ឆ្ពោះទៅចក្ខុវិស័យអាស៊ានឆ្នាំ២០៣៥។
ក្នុងកិច្ចប្រជុំលើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) បានបញ្ជាក់ជាថ្មីថា វិស័យ វ.ប.ន. គឺជាសសរស្តម្ភគន្លឹះសម្រាប់ការរីកចម្រើនរបស់ប្រទេស និងតំបន់។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមរបស់កម្ពុជាជាមួយអាស៊ាន។
ឯកឧត្តមបានលើកឡើងថា៖ “កិច្ចប្រជុំលើកទី៧នេះបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរួមរបស់យើង និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន។”
កិច្ចប្រជុំនេះផ្តោតលើការផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ដែលទើបត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២១ នៅទីក្រុងហ្សាកាតា។
ផែនការសកម្មភាពរយៈពេល១០ឆ្នាំថ្មីនេះកំណត់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់តំបន់ ដោយមានមូលដ្ឋានលើចក្ខុវិស័យ «អាស៊ានប្រកបដោយសមាហរណកម្ម និងជំរុញដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកកម្ពស់កិច្ចសហប្រតិបត្តិការដោយរលូន និងភាពប្រកួតប្រជែងជាសាកល»។
នៅក្នុងផែនការ APASTI ២០២៦-២០៣៥ កម្ពុជាក៏បានបញ្ជាក់ការប្តេជ្ញាចិត្តអនុវត្តគំនិតផ្តួចផ្តើមថ្នាក់ជាតិនានា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី វ.ប.ន. ដែលមានភាពធន់។ ការរួមចំណែករបស់កម្ពុជានឹងជំរុញវិស័យយុទ្ធសាស្ត្រ ដូចជាសុខាភិបាល អាហារ ថាមពល បញ្ញាសិប្បនិម្មិត និងការផ្ទេរបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់។
កិច្ចប្រជុំនេះក៏បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. លើកទី២១ និងកិច្ចប្រជុំ COSTI លើកទី៨៧ វឌ្ឍនភាពនិងសំណើគម្រោងរបស់អនុគណៈកម្មាធិការទាំង៩ ព្រមទាំងនីតិវិធី និងយន្តការគ្រប់គ្រងមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF) ផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានស្នើឱ្យសមាជិកគណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារទាំងអស់ ជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិឱ្យមានភាពស៊ីសង្វាក់ និងឆ្លើយតបតាមតម្រូវការសម្រាប់ការចូលរួមសកម្ម នៅក្នុងការសម្រេចគោលដៅរួមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍