អាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំចូលរួមអនុវត្តគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ

អាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំចូលរួមអនុវត្តគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ

 

ខេត្តកំពង់ធំ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ — អាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំនួន១០០តូប ត្រូវបានជ្រើសរើសឱ្យចូលរួមអនុវត្តគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ដោយទទួលបានការបណ្តុះបណ្តាល និងសម្ភារគាំទ្រមួយចំនួន។

ពិធីប្រគល់សម្ភារ បណ្តុះបណ្តាល និងផ្សព្វផ្សាយគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ នេះ ត្រូវបានចូលរួមជាអធិបតីដោយ ឯកឧត្តម​ ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុងជុំវិញខេត្ត និងអាជីវករទាំង១០០តូប។

នេះជាគម្រោងសាកល្បងដែលសហការអនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ គម្រោងផ្តោតលើការកែលម្អសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពនៃការលក់ដូរ សុវត្ថិភាព និងអនាម័យម្ហូបអាហារតាមស្តង់ដារច្បាស់លាស់ ដើម្បីគាំទ្រដល់ការពង្រីកមុខរបរ និងប្រាក់ចំណូលពីការលក់ម្ហូបអាហារតាមដងផ្លូវ ទាក់ទាញភ្ញៀវទេសចរណ៍ និងកសាងកេរ្តិ៍ឈ្មោះខេត្តកំពង់ធំជាមណ្ឌលសំចត សំរាកលំហែរ និងទទួលទានអាហារប្រកបដោយសុវត្ថិភាព និងអនាម័យ។

សម្ភារដែលមបានប្រគល់ជូនរួមមាន មួក អៀម និងក្បាំងមុខចុងភៅ ស្រោមដៃអនាម័យ ធុងទឹកកកខ្នាត២៨លីត ធុងទឹក កន្សែងជូតញើស កន្សែង​ជូតដៃ សាប៊ូ ប៉ុងលាងចាន ក្រចាប់ ជ្រុញ និងសម្ភារមួយចំនួនទៀត។

ទន្ទឹមនឹងនោះ គម្រោងក៏បានណែនាំកញ្ចប់អត្ថប្រយោជន៍បន្ថែមដល់អាជីរករទាំង១០០តូប ដើម្បីទទួលបានការធានារ៉ាប់រងអាយុជីវិតសម្រាប់​គ្រោះថ្នាក់បុគ្គលជាក្រុមក្នុងចំនួនទឹកប្រាក់១លានរៀល សម្រាប់រយៈពេល១ឆ្នាំ ដោយមិនចាំបាច់បង់វិភាគទានអ្វីទាំងអស់។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍