ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន CDRI ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន CDRI ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

 

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវ បង្កើតភស្ដុតាងវិទ្យាសាស្រ្ត ចែករំលែកព័ត៌មាន និងចំណេះដឹង សំដៅរួមចំណែកដល់យុទ្ធសាស្រ្ត គោលនយោបាយ និងបេសកកម្មរបស់ក្រសួង។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

ក្រោមអនុស្សរណៈនេះ ក្រសួង និងវិទ្យាស្ថាន CDRI នឹងសហការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ,​​ ការទាក់ទាញការវិនិយោគពីវិស័យឯកជន, ពិពិធកម្មការនាំចេញដើម្បីបង្កើតការងារ និងបង្កើនផលិតភាព, និងការផ្លាស់ប្ដូរឆ្ពោះទៅការផលិតដែលផ្តល់តម្លៃបន្ថែមខ្ពស់និងផ្អែកលើបច្ចេកវិទ្យា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ដោយ៖ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍