ទីផ្សារនាំចេញអង្ករកម្ពុជាបានកត់ត្រានូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០២៥ នេះការនាំចេញអង្ករសម្រេចបានជាង ៨០ ម៉ឺនតោនជាមួយនឹងប្រាក់ចំណូលជាង ៥២៦ លានដុល្លារ។ ចំនួននេះបើបូកបញ្ចូលជាមួយនឹងប្រាក់បានពីការនាំចេញស្រូវ គឺវិស័យស្រូវអង្ករកម្ពុជាក្នុងរយៈពេលនេះ រកបានជាង ១,៩ ពាន់លានដុល្លារ។
អ្នកជំនាញមានសុទិដ្ឋិនិយមថា ផែនការក្នុងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបាន ១ លានតោនក្នុង ១ ឆ្នាំដែលដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីជាង ១ ទសវត្សមុនអាចនឹងសម្រេចបាននៅក្នុងឆ្នាំ២០២៥ នេះ ឬនៅឆ្នាំក្រោយ។
ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បង្ហាញថា ចន្លោះពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣ តោន ដោយប្រមូលបានប្រាក់ ៥២៦,៤៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ គឺការនាំចេញសម្រេចបានត្រឹមតែ ៥៧៥ ៥៦២ តោន និងប្រមូលប្រាក់បាន ៤១៣,៩ លានដុល្លារ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស/ដែនដីចំនួន ៧២គោលដៅ តាមរយៈក្រុមហ៊ុនចំនួន ៦៥។
CRF ឱ្យដឹងទៀតថា គោលដៅនាំចេញអង្ករសំខាន់ៗមានដូចជា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប (២៦ ប្រទេស) មានបរិមាណ ៣០៧ ៦៣០តោន គិតជាប្រាក់ ២៣៦,៥៤ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ១៨៨ ១៨៩ តោន គិតជាប្រាក់ ១១៦,៥៣ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន (៨ ប្រទេស) ២១៨ ៣១៣ តោន គិតជាប្រាក់ ៩៣,៥ លានដុល្លារ, និងគោលដៅផ្សេងៗទៀត (៣៤ ប្រទេស) ៨៧ ៥១១ តោន គិតជាប្រាក់ ៧៩,៩ លានដុល្លារ។
ចំពោះប្រភេទអង្ករនាំចេញរួមមាន អង្ករក្រអូបចំនួន ៦៥,១៥% , អង្ករសគ្រាប់វែង ១៤,៧៩%, អង្ករចំហ៊ុយ ២,០៧%, អង្ករសរីរាង្គ ១,៤៦%, អង្ករបាក់ ១៦,០៧%, និងអង្ករផ្សេងៗ ០,៤៦%។
ដោយឡែកសម្រាប់ការនាំចេញស្រូវ ក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ២០២៥ គឺមានបរិមាណ ៦ ០៩៧ ០១៣ តោន គិតជាប្រាក់ ១ ៤០៨ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានបរិមាណ ៦ ៦៤២ ៥១១ តោន និងទទួលបានប្រាក់ ១ ៣៧៨,៧៣ លានដុល្លារ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ ឈុនហួ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១១ ខែធ្នូ ថា បរិមាណជាង ៨០ ម៉ឺនតោននេះគឺជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ។ ជាក់ស្តែងចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៤ ការនាំចេញអង្ករគឺស្ថិតក្នុងចន្លោះពីជាង ៣០ ទៅជាង ៦០ ម៉ឺនតោន។ សម្រាប់រយៈពេល ៧-៨ឆ្នាំចុងក្រោយនេះ ការនាំចេញស្ថិតក្នុងចន្លោះពី ៦០-៦៥ ម៉ឺនតោន។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍