រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ — គម្រោងលើកកម្ពស់សមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្រោមបរិបទឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហាររបស់ក្រុមនិស្សិត។
កម្មវិធីនេះបានធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវបានអនុវត្តរយៈពេល១៨ខែ នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងបានផ្តល់ជាលទ្ធផលជាក់ស្តែង ក្នុងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូចនិងមធ្យម ជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ បង្កើនផលិតភាព និងភាពប្រកួតប្រជែង។ គម្រោងក៏បានបង្ហាញផ្លែផ្កានៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការចែករំលែកចំណេះដឹង ក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាងទាំងបី ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃឧស្សាហកម្ម ៤.០។”
ឯកឧត្តមបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីលទ្ធផលនៃគម្រោង ដោយបន្ថែមថា៖ “ខណៈដែលគម្រោងត្រូវបានបញ្ចប់ ចំណេះដឹង ភាពជាដៃគូ និងជំនាញដែលបានអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គួរត្រូវបានបន្តអនុវត្ត និងពង្រីកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សម្រាប់រយៈពេលវែងទៅមុខ។”
ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានកត់សម្គាល់ថា បណ្តាប្រទេស មេគង្គ-ឡានឆាង បានបង្កើនការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ជំនាញបច្ចេកទេស និងធនធានជាមួយបណ្តាប្រទេស មេគង្គ-ឡានឆាង ជួយពង្រឹងសមត្ថភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រួសត្រាយផ្លូវសម្រាប់សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងកំណើនប្រកបដោយចីរភាព។
កម្មវិធីនេះក៏មានការប្រគល់ពានរង្វាន់ជ័យលាភីស្តីពី “ថ្នាលបណ្តុះអាជីវកម្មកម្ពុជា សម្រាប់ការអភិវឌ្ឍផលិតផលម្ហូបអាហារ” ដែលជាសកម្មភាពសំខាន់មួយរបស់គម្រោង ផ្តោតលើការជំរុញនវានុវត្តន៍ក្នុងការកែច្នៃផលិតផលម្ហូបអាហារដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
ក្រុមនិស្សិតចំនួន ៣០ ក្រុមនៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែង។ ក្នុងនោះ ក្រុមនិស្សិត ៨ ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ បានដាក់តាំងបង្ហាញផលិតផលអាហារដែលខ្លួនបានកែច្នៃក្នុងកម្មវិធីនេះ ហើយក្រុមនិស្សិត ៣ក្រុម បានទទួលពានរង្វាន់លេខ១ លេខ២ និងលេខ៣។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍