ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ២០២៥ នេះបានអនុម័តលើគម្រោងវិនិយោគសរុបប្រហែល ៦៣០គម្រោង ស្មើនឹងដើមទុនវិនិយោគសរុបជាង ១០ ពាន់លានដុល្លារដែលជាកំណត់ត្រាថ្មីបន្ថែមទៀតពីលើឆ្នាំ២០២៤ ដែលមានចំនួន ៤១៤គម្រោង។
ការកើនឡើងចំនួនគម្រោងដែលអនុម័តនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាភាពធំទូលាយនៃទីផ្សារនាំចេញរបស់កម្ពុជា។ នេះបើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃទី២៤ ខែធ្នូ លោក ចាន់ថុល លើកឡើងថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធ គឺក្នុងឆ្នាំ២០២៥ នេះ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគជាច្រើនឱ្យមកបណ្តាក់ទុនផ្ទាល់។
លោកបន្ថែមថា ជាក់ស្តែងកាលពីឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់ចំនួន ២៦៨គម្រោង និងបានកើនដល់ ៤១៤ គម្រោងក្នុងឆ្នាំ២០២៤។ ដោយឡែកសម្រាប់ឆ្នាំ២០២៥ នេះ (គិតត្រឹមថ្ងៃទី១៩ ខែធ្នូ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោង ៦២៦គម្រោង និងនៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតរំពឹងនឹងទទួលបាន ៤ គម្រោងបន្ថែមទៀត ដែលធ្វើឱ្យគម្រោងវិនិយោគសរុបក្នុងឆ្នាំ២០២៥ កើនដល់ ៦៣០ គម្រោង ស្មើនឹងទុនវិនិយោគជាង ១០ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ៤០ ម៉ឺនកន្លែង។
លោកបញ្ជាក់ថា៖«នេះជាប្រវត្តិសាស្រ្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមិនធ្លាប់ទទួលបាននៅក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ កំណើននេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកក្នុងអត្រាពន្ធ ១៩%។ កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែលនាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក»។
ជុំវិញចំនួនគម្រោងវិនិយោគនេះ លោក ចាន់ថុល បានប្តេជ្ញាចិត្តខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដូចជានៅប្រទេសរុស្ស៊ី និងការបន្តទាក់ទាញវិនិយោគិននៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍