ការ​នាំចេញ​របស់ RGPPSEZ ក្នុង​ឆ្នាំ​២០២៥ មាន​កំណើន​ជាង ១៤%

ការ​នាំចេញ​របស់ RGPPSEZ ក្នុង​ឆ្នាំ​២០២៥ មាន​កំណើន​ជាង ១៤%

 

ប្រតិបត្តិការអាជីវកម្ម​របស់បណ្តា​ក្រុមហ៊ុន/សហគ្រាស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានបង្ហាញ​ភាព​វិជ្ជមាន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លង​មក​ការនាំចេញផលិត​ផល​​ផលិត​នៅ​ក្នុង​ RGPPSEZ ទៅ​ទីផ្សារ​អន្តរជាតិ មាន​ទឹក​ប្រាក់​សរុប​ជាង ២ ពាន់លានដុល្លារ កើន​​ឡើង ១៤,០៩% បើ​ធៀប​នឹង​​​ឆ្នាំ​២០២៤។

ការ​នាំ​ចេញ​របស់ RGPPSEZ តំណាងឱ្យប្រហែល​ ៧% នៃ​តម្លៃ​នាំ​ចេញ​សរុបរបស់ប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ RGPPSEZ ចេញ​ផ្សាយកាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មករា ​ឱ្យ​ដឹង​ថា ការ​​នាំ​ចេញពី​​​​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិក្នុងរយៈពេលប្រមាណ​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ​​បាន​កត់​ត្រា​នូវ​កំណើន​មួយ​ដ៏​រឹងមាំ និងមានស្ថេរភាពកាន់​តែ​ប្រសើរ​។ កំណើន​នេះ​បាន​​​ឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការ​កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម​ទំនិញ​ផលិត​​នៅ​កម្ពុជា​ទៅក្នុងខ្សែ សង្វាក់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងពិភពលោក។

RGPPSEZ បានបន្ថែម​ថា ទោះស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកល ក៏​តម្លៃនាំ​ចេញ​ទំនិញ​​របស់​កម្ពុជា​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយឈានដល់ជាង ៣១ ពាន់លានដុល្លារ​នៅក្នុង​ឆ្នាំ២០២៥ បើ​ធៀប​ទៅ​នឹង​ជាង ១៩ ពាន់លានដុល្លារ​នៅក្នុង​ឆ្នាំ​២០២១។

សេចក្តី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ទៀត​ថា ក្នុងនិន្នាការដ៏វិជ្ជមាននេះ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក [Royal Group Phnom Penh SEZ Plc.(PPSP)] ដែល​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរួមចំណែកយ៉ាងសំខាន់​ដល់​លទ្ធផល​នៃ​ការ​នាំចេញ​របស់ប្រទេសកម្ពុជា។ គិត​រហូត​មក​ដល់ពេល​នេះ​នៅ​ក្នុង RGPPSEZ មាន​​ក្រុមហ៊ុន/សហគ្រាស​ចំនួន ៩១ មកពី ១៥ ប្រទេសដែលធ្វើប្រតិបត្តិការ​។ ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និង​ឧស្សាហ​កម្មធុន​ស្រាល​ផ្សេងៗ​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖«ក្នុងឆ្នាំ២០២៥ ការនាំចេញពី RGPPSEZ បានឈានដល់ ២,១៤ ពាន់​​លាន​ដុល្លារ ដែល​តំណាង​ឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដោយ​ចំនួន​នេះគឺ​រក្សា​កិត្តិ​នាមរបស់តំបន់យើង​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​ឧស្សាហកម្ម និងនាំចេញឈានមុខគេមួយក្នុងប្រទេស​កម្ពុជា»។

យោង​តាម RGPPSEZ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសនេះ មាន​​កម្មករ​កំពុង​បម្រើការងារ​ជាង ៥៥ ០០០ នាក់​ដែលបាន​ជួយ​គាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦​

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍