ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌចំនួន ៣០ ភាគរយទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងចំណោមបរិមាណនាំចេញសរុបដែលមានតម្លៃទឹកប្រាក់ប្រមាណសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១។
នៅក្នុងការពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៧ ខែមីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់ ៣០ ភាគរយ ដោយលោកបានចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ ១៩ ក្តី។
លោក Patrick Murphy បានបញ្ជាក់បន្ថែមថា៖ «កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយ ចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឱ្យបានសមរម្យជាមួយគ្នាបន្តទៀត»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិកមានភាពល្អប្រសើរក្នុងភាពជាដៃគូដែលនាំឱ្យមានការវិវត្តរីកចម្រើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។
លោកបានបន្ថែមថា ក្រសួងនឹងបន្តជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
លោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្លាប់បានមានប្រសាសន៍ថា គោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ បានធានាដល់ស្ថិរភាពផលិតកម្ម និងកំណើននៃការនាំចេញនៃវិស័យកាត់ដេរកម្ពុជា។
ទិន្នន័យពី GMAC បានបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩ ពាន់លានដុល្លារ កើនឡើង ១៥,២ ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួនជាង ៨ពាន់លានដុល្លារ ស្បែកជើងជាង ១ ពាន់លាន ដុល្លារផលិតផលធ្វើដំណើរ ជាង ១,៥ ពាន់លានដុលា្លរ និងផលិតផលវាយនភណ្ឌផ្សេងៗទៀត៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ហំ ផានិត
ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។