ទីផ្សារអាមេរិកស្រូបទាញផលិតផលវាយនភណ្ឌពីកម្ពុជាប្រមាណ ៣០ ភាគរយនៃផលិតផលសរុប

ទីផ្សារអាមេរិកស្រូបទាញផលិតផលវាយនភណ្ឌពីកម្ពុជាប្រមាណ ៣០ ភាគរយនៃផលិតផលសរុប

 

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ចំនួន ​៣០ ​ភាគរយ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក្នុងចំណោម​បរិមាណ​នាំចេញ​សរុប​ដែលមាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ​២០២១​។​

​នៅក្នុង​ការពិភាក្សា​ការងារ អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ​៧ ខែមីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហ​​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាអះអាងថា ការនាំចេញ​ផលិតផលវាយ​ន​ភណ្ឌ​របស់​កម្ពុជាទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក មាន​ចំនួន​រហូតដល់​ ៣០​ ភាគរយ ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ដទៃ​ផ្សេងទៀត បើទោះជា​ពិភព​លោក​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​កូ​វីដ ​១៩ ​ក្តី​។

លោក Patrick Murphy បានបញ្ជាក់​បន្ថែមថា​៖ «​កំណើន​ការនាំចេញ​ផលិត​ផល​វាយ​ន​ភណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​ជាការ​ស​បញ្ជាក់​ពី​ការសហការ​គ្នា​យ៉ាង​​ល្អ​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក បើទោះបី​មាន​កិច្ចការងារ​មួយ ចំនួន​ខ្លះទៀត ដែលជា​បញ្ហា​ប្រឈម ត្រូវការ​ពេលវេលា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ឱ្យបាន​សមរម្យ​ជាមួយគ្នា​បន្តទៀត​»​។

​លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​សហរដ្ឋអាមេរិក​មាន​ភាពល្អប្រសើរ​ក្នុង​ភាពជា​ដៃគូ​ដែល​នាំឱ្យមាន​ការវិវត្ត​រីកចម្រើន និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ អនុលោម​តាមច្បាប់​ស្តីពី​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​។

​លោក​បាន​បន្ថែមថា ក្រសួង​នឹង​បន្ត​ជំរុញ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ផ្នែក​ផលិត​ផលិត​​ផល​ធ្វើដំណើរ និង​កាបូប ចូល​ជា​សមាជិក​នៃ​គម្រោង​រោង​​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ហើយ​ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ជា​អធិការកិច្ច​រួមគ្នា​រវាង​អធិការ​​កិច្ចការងារ និង​គម្រោង​រោង​​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។

​លោក គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) ធ្លាប់បាន​មានប្រសាសន៍ថា គោ​លន​យោ​បាយ​ចាក់​វ៉ាក់សាំង​ដ៏​ត្រឹមត្រូវ​របស់លោក​នាយក​រដ្ឋមន្ត្រី រួម​នឹង​ការជួយជ្រោមជ្រែង​ពី​សំ​​ណាក់​ក្រសួង​ការងារ បាន​ធានា​ដល់​ស្ថិរភាព​ផលិតកម្ម និង​កំណើន​នៃ​ការនាំចេញ​នៃ​វិស័យ​កាត់ដេរ​កម្ពុជា​។

​ទិន្នន័យ​ពី GMAC បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២១ ការ​នាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន​ ១១,៣៨៩ ​ពាន់​លាន​ដុល្លារ ​កើនឡើង ១៥,២ ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ ស្បែកជើង​ជាង ១ ពាន់​លាន ដុល្លារ​ផលិតផល​ធ្វើដំណើរ ជាង ១,៥​ ពាន់​លាន​ដុ​លា្ល​រ និង​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ​ទៀត​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២​