កត្តាអាកាសធាតុ ជំរុញឱ្យការប្រមូលផលម្រេច ឆ្នាំនេះ កើនខ្ពស់ជាងឆ្នាំមុន

កត្តាអាកាសធាតុ ជំរុញឱ្យការប្រមូលផលម្រេច ឆ្នាំនេះ កើនខ្ពស់ជាងឆ្នាំមុន

 

ភ្នំពេញៈ ទិន្នផល​ម្រេច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ អាច​កើន​លើស​ឆ្នាំមុន​ប្រមាណ​ ១០​ ភាគរយ ខណៈ​ការប្រមូលផល​នៅពេលនេះ​សម្រេចបាន​ជាង ៩០ ​ភាគរយ​ហើយ​។ នេះ​បើតាម​អ្នក​នៅក្នុង​ផលិតកម្ម​ម្រេច​កម្ពុជា​។

ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) លោក ងួន ឡាយ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៧ ខែមិថុនា ថា អាកាសធាតុ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​កាលពី​អំឡុង​ខែ​កុម្ភៈ មីនា និង​មេសា បានធ្វើឱ្យ​ផល​ម្រេច​កំពត​ក្នុងឆ្នាំនេះ​អាច​កើនឡើង​ប្រមាណ​ ១០ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០២១ ហើយ​ផល​ម្រេច​របស់​ចម្ការ​ខ្នាតតូច និង​មធ្យម​ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ​ធ្វើ​កិច្ចសន្យា​បញ្ជា​ទិញ​អស់​ស្ទើរ ១០០ ​ភាគរយ​ផងដែរ​។ ការធ្លាក់ភ្លៀង​ច្រើន​មិន​ត្រឹមតែ​ធ្វើឱ្យ​ម្រេច​បាន​ផល​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ជួយ​កាត់បន្ថយ​ការចំណាយ​យ៉ាងច្រើន​ទៅលើ​តម្លៃ​ប្រេង​បូមទឹក​ស្រោច​ដើម​ម្រេច​ផងដែរ​។

លោក​និយាយថា​៖ «​បើ​មើល​តាម​កិច្ចសន្យា​ដែល​ឈ្មួញ​បាន​បញ្ជា​ទិញ​ពី​កសិករ​ក្នុង​សមាគម ខ្ញុំ​គិតថា ការនាំចេញ​ម្រេច​កំពត​ក្នុង​ឆ្នាំ​ ២០២២ នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០២១ ដែល​ពេលនោះ​ម្រេច​កំពត​ត្រូវបាន​នាំចេញ​ប្រមាណ ១១៤​ តោន ក្នុងចំណោម​ផល​ដែល​ប្រមូលបាន​ក្នុង​រង្វង់ ១២៥ ​តោន​»​។

ទាក់ទង​នឹង​កម្លាំង​ពលកម្ម លោក ងួន ឡាយ បាន​បញ្ជាក់ថា ក្នុង​ចង្វាក់​ផលិតកម្ម​ម្រេច​ពេលបច្ចុប្បន្ន​ក៏​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ច្រើន​ដែរ ដោយ​មានតែ​មនុស្ស​ចាស់​នៅផ្ទះ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ធ្វើ​ការងារ​នេះ​។

យោងតាម​លោក ងួន ឡាយ ខ្នាតតូច សំដៅ​ដល់​ចម្ការ​ដែលមាន​ម្រេច ពី ១០០-១ ៥០០ ​គុម្ព និង​មធ្យម មាន​ម្រេច​ចន្លោះ​ពី ១ ៥០០-៣ ០០០ ​គុម្ព និង​លើសពី ៣ ០០០ ​គុម្ព ត្រូវបាន​ចាត់ទុកថា​ខ្នាត​ធំ​។ ជា​មធ្យម ១ ​ហិកតា គេ​អាច​ដាំ​ម្រេច​បាន​ប្រហែល ២ ៥០០ ​គុម្ព​។

ជាធម្មតា​ដំណាំ​ម្រេច​ត្រូវបាន​កសិករ​ប្រមូលផល​ចន្លោះ​ពី​ខែ​មករា ដល់​ចុងខែ​មិថុនា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ការប្រមូល​ផល​នឹងត្រូវ​អូសបន្លាយ​ពី​ ២៥-៦០ ​ថ្ងៃ​បន្ថែម បើ​គេ​ចង់បាន​ម្រេច​ក្រហម ឬ​ម្រេចស​ច្រើន​។សម្រាប់​ម្រេច​កំពត​ (GI) គឺ​ម្រេចខ្មៅ​មាន​តម្លៃ ១៥ ​ដុល្លារ​ក្នុង​ ១​ គីឡូក្រាម​, ម្រេច​ក្រហម ២៥ ​ដុល្លារ និង​ម្រេចស តម្លៃ ២៨ ​ដុល្លារ ដែល​តម្លៃ​នេះ​នៅ​ទ្រឹង ៦-៧ ​ឆ្នាំ​មកហើយ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖​ ហ៊ឹន ពិសី

ព័ត៌មាន៖​ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២