កម្ពុជាកំពុងពន្លឿនគោលនយោបាយជាតិស្តីពីស្វាយចន្ទី

កម្ពុជាកំពុងពន្លឿនគោលនយោបាយជាតិស្តីពីស្វាយចន្ទី

 

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពន្លឿន​ការងារ​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ ២០២២-២០២៧ ដើម្បី​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី វឌ្ឍនភាព និង​សក្តានុពល​របស់​វិស័យ​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃទី​ ០៣ ខែមីនា តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ត្រូវតែ​បន្ត​សហការ និង​ចូលរួម​​ពន្លឿន​ការងារ​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ ២០២២-២០២៧ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​វិស័យនេះ​កំពុង​ជួបប្រទះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចូលរួម​ផ្តល់​ជា​ធាតុ​ចូល​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម អគ្គនាយកដ្ឋាន​គយ តំណាង​សមាគម​ស្វាយចន្ទី​កម្ពុជា និង​វិស័យ​ឯកជន ក្នុងការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស ពាក់ព័ន្ធ​លើ​សក្តានុពល ទីផ្សារ ទិន្នន័យ​របស់​វិស័យ​ស្វាយចន្ទី​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ប្រមូល​ធាតុ​ចូល​បំពេញ បន្ថែម​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​វឌ្ឍនភាព​ថ្មីៗ សម្រាប់​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​មុននឹង​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​»​។

លោក អួន ស៊ីឡូត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ខាង​វិស័យ​ឯកជន​រំពឹងថា គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​នឹង​អាចជួយ​ជ្រោមជ្រែង​ដល់​វិស័យ​ស្វាយចន្ទី​បាន​មួយកម្រិត​ទៀត ព្រោះថា​នៅពេលដែល​គោលនយោបាយ​ចេញ​ជា​ផ្លូវការ​កសិករ​នឹង​ទទួលបាន​ឥណទាន​បន្ថែម​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​ដល់​ការកែច្នៃ​ផលិតផល​ស្វាយចន្ទី​នេះ​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ភ្លៀង​ធ្លាក់​នៅ​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ​បានធ្វើឱ្យ​ដំណាំ​ស្វាយចន្ទី​ដែល​កំពុង​ចេញ ត្រូវ​រង​ការខូចខាត​ជា​ដំណំ ប្រមាណ ​១០ ​ទៅ​ ៣០​ ភាគរយ ក្នុង​ចំណោម​ចម្ការ​ស្វាយចន្ទី​ ១០​ ខេត្ត នៅ​ទូទាំងប្រទេស​។ លោក​បាន​បញ្ជាក់ថា​៖ «​កសិករ​យើង​នឹង​ប្រឈម​នឹង​ការខាតបង់​ច្រើន ដោយ​ទី​ ១ ទិន្នផល​ធ្លាក់ចុះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ទី​ ២ តម្លៃ​ជី​ថ្នាំ​កសិកម្ម និង​ប្រេងឥន្ធនៈ​ឡើងថ្លៃ ដែល​អាច​នឹង​ធ្វើឱ្យ​កសិករ​ប្រឈម​នឹង​ការខាតបង់​កាន់តែ​ធ្ងន់ធ្ងរ ខណៈដែល​តម្លៃ​ស្វាយចន្ទី​នេះ​មិនមាន​ស្ថិរភាព​នោះ ទេ​។​ចំណែក​ទីផ្សារ​វិញ​ក៏​ពឹងផ្អែក​ទៅលើ​ប្រទេស​វៀតណាម​តែមួយ​ទៀត ដោយ​តម្លៃ​គេ​ឱ្យ​តាមចិត្ត​គេ​»​។

លោក​បាន​បន្តថា តម្លៃ​ស្វាយចន្ទី​ឆ្នាំនេះ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ​ចន្លោះ​ពី​ ៤ ០០០​ រៀល ទៅ ៥ ០០០​ រៀល ដែល​តម្លៃ​នេះ​អាច​នឹង​រួចខ្លួន ឬ​ខាត ព្រោះតែ​ការឡើង​ថ្លៃ​នៃ​វត្ថុ​ធាតុដើម ដូចជា​ជី​កសិកម្ម និង​ឥន្ធនៈ​ជាដើម​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២​