កម្ពុជាដាក់កម្មវិធី Asean Access ដើម្បីលើកស្ទួយអាជីវកម្ម

កម្ពុជាដាក់កម្មវិធី Asean Access ដើម្បីលើកស្ទួយអាជីវកម្ម

 

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​បានធ្វើការ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ជា​លើកដំបូង​លើ​គេហទំព័រ ASEAN Access ដើម្បី​ពង្រឹង និង​បង្កើន​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ និង​ជួយ​ជំរុញ​កេរ្តិ៍ឈ្មោះ​អត្តសញ្ញាណ​អាជីវកម្ម​ឱ្យ​កាន់តែ​លេចធ្លោ​តាមរយៈ​គេហទំព័រ​នេះ​កាលពី​ថ្ងៃទី ៩ ខែកញ្ញា តាម​ប្រព័ន្ធ​ហ្ស៊ូម​។

គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១​។ គេហទំព័រ ASEAN Access អាច​តភ្ជាប់​ទៅនឹង​គេហទំព័រ KhmerSME ដែល​នឹងដាក់​ឱ្យ​ប្រើប្រាស់​នៅ​ខែតុលា​ខាងមុខនេះ និង​បង្កើតឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

ការពិគ្រោះ​យល់​ថ្នាក់ជាតិ​នេះ ចូលរួម​ពី​តំណាង​ទីភ្នាក់ងារ GIZ អង្គការ PACT សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA) សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) និង​ការិយាល័យ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម (OSMEP)​។

កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ថ្នាល​ព័ត៌មាន e-portal ក្នុង​តំបន់​អាស៊ាន​ដែលមាន​ឈ្មោះថា “ASEAN Access” ដើម្បី​ឱ្យបាន​ទៅដល់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា ព្រមទាំង​អញ្ជើញ​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ចូលរួម​ក្នុង​ការផ្គូផ្គង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​រវាង ASEAN Access ជាមួយ Enterprise Europe Network(EEN) ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ និង​ថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ​។

ការពិគ្រោះ​យោបល់​នេះ​ក៏​ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​គេហទំព័រ ASEAN Access និង​អញ្ជើញ​អ្នកផ្គត់ផ្គង់​សេវាកម្ម​ឱ្យ​ចុះឈ្មោះ​ជាមួយ​គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​នេះ​នឹង​ផ្តល់ព័ត៌មាន​សំខាន់ៗ រួមមាន ការចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពាណិជ្ជកម្ម​ទំនិញ ប្រតិទិន​ព្រឹត្តិការណ៍ ព័ត៌មាន​អំពី​ពាណិជ្ជកម្ម ការធ្វើ​ពាណិជ្ជកម្ម​ក្រៅ​តំបន់​អាស៊ាន ពាណិជ្ជកម្ម​សេវា ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បណ្តុំ​ទិន្នន័យ​អ្នកផ្គត់ផ្គង់​សេវា​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថា ASEAN Access បានផ្តល់​នូវ​ព័ត៌មាន​ទូលំទូលាយ​ស្តីពី​ពាណិជ្ជកម្ម​ និង​ការចូល​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន និង​ក្រៅ​តំបន់​អាស៊ាន​។

លោក​ថ្លែង​ទៀតថា៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​អាច​រកមើល​ផលិតផល​ថ្មី ឱកាស​អាជីវកម្ម ស្វែងយល់​ពី​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម និង​ព្រឹត្តិការណ៍​ផ្គូផ្គង​ពាណិជ្ជកម្ម និង តាម​ឱ្យទាន់​នូវ​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​អាជីវកម្ម និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​»៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ: ធូ​ វិរះ

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ១២ កញ្ញា ២០២១