កម្ពុជានាំចូលដែក និងដែកថែប រយៈពេល ៨ ខែ មានទឹកប្រាក់ជាង $២៤៤ លាន

កម្ពុជានាំចូលដែក និងដែកថែប រយៈពេល ៨ ខែ មានទឹកប្រាក់ជាង $២៤៤ លាន

 

ភ្នំពេញៈ កម្ពុជា​បាន​ចំណាយ​ប្រាក់​ជាង ២៤៤​ លាន​ដុល្លារ​ទៅលើ​ការ​នាំចូល​ដែក និង​ដែកថែប​ក្នុង​រយៈពេល​ ៨​ ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ២០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ក្នុង​ខែសីហា ឆ្នាំ ​២០២២ ទឹកប្រាក់​នាំចូល​ដែក​-​ដែកថែប កើន​ជាង ១៨ ​ភាគរយ​ធៀប​ខែសីហា ឆ្នាំមុន​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា​-​ខែសីហា ឆ្នាំ​ ២០២២ ការនាំ​ចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស​មក​កម្ពុជា​មាន​តម្លៃ​សរុប ២៤៤,៧៥​ លាន​ដុល្លារ កើន ២០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២១ ដែលមាន ២០៤,០២​ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប គឺ​ស្មើ​ប្រមាណ ១,១​ភាគរយ​នៃ​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​ដែល​មាន​ ២១ ៧៦៤,០២ ​លាន​ដុល្លារ​។

អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ​៤ ខែតុលា​ថា ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០២២ កើនឡើង ដោយសារ​គម្រោង​វិនិយោគ​ដែលមាន​ម្ចាស់​ជា​អ្នក​នៅក្នុង​ស្រុក​កំពុង​វិវឌ្ឍ​ទៅមុខ​ល្អ ហើយ​តម្លៃ​ដែក​ក៏​ខ្ពស់ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែរ​។ លោក​បញ្ជាក់ថា​៖ «​ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប កើន​ដោយសារ​សំណង់​លំនៅឋាន​នៅក្នុង​ស្រុក​បន្ត​រីកចម្រើន ប៉ុន្តែ​សម្រាប់​គម្រោង​សាងសង់​ធំៗ​នៅពេល​នេះ គឺ​មិនសូវ​មាន​សកម្មភាព​ទេ​»​។

លោក​ប្រាប់​ទៀតថា សកម្មភាព​សាងសង់​នៅតាម​ការដ្ឋាន​មួយចំនួន​ថយចុះ​នៅពេល​នេះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​ធ្វើការ​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​និយាម​បច្ចេកទេស និង​គុណភាព​នៅ​ទីតាំង​ផ្ទាល់​ផងដែរ​។

លោក​អះអាង​ថា​៖ «​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​មាន​ភាពល្អប្រសើរ​ឡើងវិញ នៅពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២