កម្ពុជានាំចេញកសិផលទៅទីផ្សារបរទេសកើនឡើងជាង ២២ ភាគរយរយៈពេលជាង ២ ខែ

កម្ពុជានាំចេញកសិផលទៅទីផ្សារបរទេសកើនឡើងជាង ២២ ភាគរយរយៈពេលជាង ២ ខែ

 

ភ្នំពេញៈ ការនាំចេញ​កសិផលរ​បស់​កម្ពុជា​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល ២ ​ខែ​កន្លះ ដើមឆ្នាំ​ ២០២២ សម្រេចបាន​ប្រមាណ ២,៨២ ​លាន​តោន កើន​​ឡើង​ជាង ២២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។​

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​កសិកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លក្ខខណ្ឌ​គុណភាព​ឆ្លើយតប និង​ការនាំចេញ​កសិផល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​កម្ពុជា​-​កូរ៉េ និង​ចិន នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ ​២០២២ ​ថា សម្រាប់​ដើមឆ្នាំ​ ២០២២ (​គិត​ត្រឹម​ថ្ងៃទី ​១៦ ខែ មីនា ឆ្នាំ ​២០២២) ការនាំចេញ​កសិផល​ស​រុ​ប​សម្រេចបាន​ប្រមាណ ២,៨២ ​លាន​តោន កើនឡើង ៥១១​ ពាន់​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។​

​លោក​បាន​បន្ថែមថា ផលិតផល​កសិកម្ម​សំខាន់ៗ​ដែល​បាន​នាំចេញ​រួមមាន ស្រូវ អង្ករ ដំឡូង​មី គ្រាប់​ស្វាយចន្ទី គ្រាប់ពោត ចេក​ស្រស់ គ្រាប់​សណ្តែកបាយ ក្រូច​ត្លុង ស្វាយ​​ស្រស់ ដំណាប់​ស្វាយ ដូងប្រេង ម្រេច​និង​កសិផល​ផ្សេងៗ​ទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​កំណើន​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស មានការ​​កើនឡើង​គួរឱ្យកត់សម្គាល់​យ៉ាងណាក្ដី ក៏​ការអនុវត្ត​វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ​នៅមាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដូចជា កង្វះ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​សម្រាប់​មន្ទីរពិសោធន៍​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កសាង​ទិន្នន័យ​វិទ្យាសាស្ត្រ វិទ្យាស្ថាន​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​ជាដើម​។ ម្យ៉ាងទៀត ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សម្រាប់​លាង​សម្អាត វេច​​ខ្ចប់ និង​សម្លាប់​សមាសភាព​ចង្រៃ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ទំហំ​ផលិត​​កម្ម និង​ការនាំចេញ​នៅឡើយ​»​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២០ ខែមីនា​ថា ក្នុងចំណោម​កសិផលរ​បស់​កម្ពុជា ដែល​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស និង​ដែលមាន​ការកើនឡើង​នៅ​ដើម​ឆ្នាំនេះ ការនាំចេញ​អង្ករ​មាន​បរិមាណ​កើនឡើង​ច្រើនជាងគេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ឆ្នាំ ​២០២២ នេះ យើង​មាន​កុងតឺន័រ ចេញទៅ​កាន់​សហគមន៍​អឺរ៉ុប​ច្រើនជាង​ឆ្នាំ ​២០២១ ប៉ុន្តែ​នៅតែមាន​បញ្ហា​ប្រឈម ដែល​យើង​មិនទាន់​ថា​មាន​ស្ថានភាព​ធូរស្រាល​ខ្លាំង​ទេ​ចំពោះ​ស្ថានភាព​ដឹក​ជញ្ជូន​តាម​សមុទ្រ​នេះ​។ យើង​រំពឹងថា ឆ្នាំនេះ តាម​ល្បឿន​ដែល​យើង​បានធ្វើ​សព្វថ្ងៃនេះ អាច​នឹង​ធ្វើឱ្យ​ការនាំចេញ​អង្ករ​របស់​យើង​នឹង​អាច​កើន​ដល់​ ៧៥​ទៅ ​៨៥ ​ម៉ឺន​តោន តាម​ផែន​ការដែល​បានដាក់​ចេញ​»​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូ​ពិ​ក​ខេ​ម បាន​យល់ឃើញ​ដូចគ្នា​ដែរ​ថា ការនាំចេញ​ស្រូវ និង​អង្ករ មានការ​កើនឡើង​ជាង​ផលិត​​ផល​កសិកម្ម​ដទៃទៀត​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២