ទីក្រុងហូជីមិញ ប្រទេសវៀតណាម – ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា អង្គការ UNIDO និងទីភ្នាក់ងារ GIZ បានរៀបចំវេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
គណៈប្រតិភូកម្ពុជាចំនួន២៥រូប តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកិច្ចការនារី, ទីភ្នាក់ងារ GIZ និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម បានចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសំខាន់ៗរួមមានការកសាងបណ្តាញទំនាក់ទំនងធុរកិច្ច ដែលមានម្ចាស់អាជីវកម្មកម្ពុជា និងវៀតណាម មកពីប្រមាណ៥០ក្រុមហ៊ុន ដោយផ្តោតលើបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់កែច្នៃចំណីអាហារ និងការចែករំលែកបទពិសោធន៍ស្តីពីការអភិវឌ្ឍអាជីវកម្ម។
គណៈប្រតិភូកម្ពុជាបានចុះទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន San Ha Co., Ltd. ដែលជាអាជីវកម្មកសិឧស្សាហកម្មឈានមុខលើបច្ចេកវិទ្យាផលិតកម្មបក្សី និងកែច្នៃចំណីអាហារ, ក្រុមហ៊ុន Hoang Phat Fruits Co., Ltd. ដែលនាំចេញផលិតផលផ្លែឈើ, និងក្រុមហ៊ុន Viet Mold Machine Co., Ltd. ដែលល្បីឈ្មោះលើការផ្គត់ផ្កង់គ្រឿងម៉ាស៊ីនផលិត និងកែឆ្នៃគ្រាប់ស្វាយចន្ទី។
ដំណើរទស្សនកិច្ចទាំងនេះបានផ្តល់ឱកាសដល់គណៈប្រតិភូកម្ពុជា បានស្វែងយល់អំពីបច្ចេកវិទ្យាទំនើបៗ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្ម និងជំរុញនវានុវត្តន៍។
កម្មវិធីសំខាន់មួយនៃទស្សនកិច្ចនេះគឺវេទិកាផ្គូផ្គងធុរកិច្ច ដែលត្រូវបានសហការរៀបចំដោយការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសវៀតណាម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ។ ធុរកិច្ចមកពីប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី បានស្វែងរកឱកាសសម្រាប់ភាពជាដៃគូ និងឱកាសពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងសេវាកម្ម។
វេទិកាផ្គូផ្គងអាជីវកម្ម និងទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីគម្រោងថ្នាក់តំបន់ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN SME II)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ក្រោមជំនួយហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ UNIDO។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។