កម្ពុជារកចំណូលបានទឹកប្រាក់ជាង ៥០០ លានដុល្លារ ពីការនាំចេញឧបករណ៍អគ្គិសនី

កម្ពុជារកចំណូលបានទឹកប្រាក់ជាង ៥០០ លានដុល្លារ ពីការនាំចេញឧបករណ៍អគ្គិសនី

 

ភ្នំពេញៈ ទឹកប្រាក់​ជាង ៥០៤ ​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​រកបាន​ពី​ការ​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​ផលិត​សំឡេង​ឡើងវិញ​នៅក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ ដោយ​កើន​ជាង ៥៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

យោងតាម​តារាង​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២២ ការនាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​មួយចំនួន មាន​​ទឹកប្រាក់​សរុប​ជាង ៥០៤ លាន​ដុល្លារ កើនឡើង ៥៧,១​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់​ជិត ៣២១ ​លាន​ដុល្លារ​។ ទឹកប្រាក់​នៃ​ការនាំចេញ​ផលិតផល​ទាំងអស់នេះ​ស្មើនឹង​ប្រមាណ ៦,៦ ​ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជាង ៧ ៦០៦ លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែមេសា ឆ្នាំ​ ២០២២ ការនាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​មាន​ទឹកប្រាក់ ជិត ​១៣៩​ លាន​ដុល្លារ កើនឡើង ជាង​ ១០១ ភាគរយ បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់​ត្រឹមតែ ៦៨,៩៤​ លាន​ដុល្លារ​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី ទាំងនោះ​រួមមាន ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា​, ឧបករណ៍​ថត និង​ផលិត​សំឡេង​ឡើងវិញ​, ឧបករណ៍​ថត និង​ផលិត​រូបភាព​ទូរទស្សន៍​ឡើងវិញ​, និង​បំណែក​ភាគ​ព្រមទាំង​គ្រឿង​បន្ទាប់បន្សំ​របស់​ឧបករណ៍​ទាំងនេះ​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា សកម្មភាព​នៃ​ការផលិត​ទំនិញ​នាំចេញ​សំខាន់ៗ​នៅ​កម្ពុជា​កំពុង​កើនឡើង​ជា​លំដាប់ ជាក់ស្តែង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​លោក​សង្កេតឃើញ​មាន​កំណើន​រោងចក្រ​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ដែល​ក្នុងចំណោម​រោងចក្រ​ទាំងនោះ ក៏មាន​រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី និង​គ្រឿងអគ្គិសនី​ផងដែរ​។ លោក​បន្តថា កំណើន​នៃ​ការនាំចេញ​ផលិតផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក គឺ​ដោយសារ​ផលិតផល​កម្ពុជា​មានគុណ​ភាព​កម្រិតស្តង់ដា និង​មាន​ការបញ្ជាទិញ​ច្រើន​នៅលើ​ទីផ្សារ​អន្តរជាតិ​។

លោក​គូសបញ្ជាក់​ថា ការកើនឡើង​ទឹកប្រាក់​នាំចេញ​ផលិតផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​ផលិត​សំឡេង​ឡើងវិញ​របស់​កម្ពុជា គឺ​មកពី​កត្តា​ចម្បងៗ​មួយចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ​, ការរក្សាបាន​នូវ​និរន្តរភាព​នៃ​ផលិតកម្ម​ក្នុងអំឡុង​ពេលដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ជួប​បញ្ហា​បណ្តាល​មកពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩, ទំនុកចិត្ត​របស់​អ្នកវិនិយោគ​, និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នាំចេញ​ផលិតផល​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​ផលិតផល​ជាច្រើន​ទៀត​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត ខណៈ​ឥទ្ធិពល​នៃ​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង RCEP នឹងធ្វើ​ឱ្យ​កម្ពុជា​មាន​ឱកាស​កាន់តែ​ច្រើន​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖​ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២