កម្ពុជារកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌជិត ៩ ពាន់លានដុល្លារ

កម្ពុជារកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌជិត ៩ ពាន់លានដុល្លារ

 

ភ្នំពេញៈ ការនាំចេញ​នៅក្នុង​វិស័យ​វាយនភណ្ឌ​ (​សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ​) ​នារយៈពេល ១០ ​ខែ​នៃ​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់ ៨ ៨៣០ ​លាន​ដុល្លារ​កើន​ជាង ១៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២០ ដែលមាន​តម្លៃ​ប្រមាណ ៧ ៧៩៦ ​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​។

បើតាម GMAC ក្នុងចំណោម​ទឹកប្រាក់​នាំចេញ​ខាងលើ គឺ​ផលិតផល​សម្លៀកបំពាក់​មាន​ទឹកប្រាក់ ៦ ៥៣៨​ លាន​ដុល្លារ កើនឡើង ៦ ​ភាគរយ​, ស្បែកជើង​មាន​ចំនួន ១ ១១៣ ​លាន​ដុល្លារ កើនឡើង ២០ ​ភាគរយ និង​ការនាំចេញ​ផលិតផល​ធ្វើ​ដំណើរ មាន ១ ១៧៩ ​លានដុល្លារ កើនឡើង ៤៩ ​ភាគរយ​។

នៅក្នុង​សន្និបាត​លើក​ទី​ ១៥ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) កាលពី​ថ្ងៃទី​ ១៥ ខែមករា លោក វ៉ាន់ ស៊ូអៀង អតីត​ប្រធាន​សមាគម​ (GMAC) ​បានឱ្យដឹងថា អត្រាកំណើន​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់ GMAC មាន​លក្ខណៈ​គួរឱ្យ​សរសើរ​លើកលែងតែ​រយៈពេល​នៃ​វិបត្តិ​សកល​ធំៗ គឺ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨ និង​វិបត្តិ​ជំងឺ​រាតត្បាត​ឆ្នាំ​ ២០២០​។

លោក​និយាយថា​៖ «​គោលនយោបាយ​ល្អ និង​សកម្មភាព​រួមគ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​របស់​យើង​បាន​ត្រឡប់​រក​ភាពល្អប្រសើរ​ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​ការគ្រប់គ្រង​ជំងឺ​រាតត្បាត និង​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព​»​។
លោក​បន្តថា GMAC ក៏បាន​ផ្តោត​ខ្លាំង​ផងដែរ​ទៅលើ​ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ផ្ទៃក្នុង​ជាមួយ​នឹង​ច្បាប់​ស្តីពី​ការវិនិយោគ​ថ្មី​ដែល​ទើបត្រូវ​បានអនុម័ត ខណៈ​ច្បាប់​ថ្មី​នេះ​បានផ្តល់​ការលើកទឹកចិត្ត​ច្រើន​ទៅដល់​វិនិយោគិន និង​ការចាប់ផ្តើម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នាពេលខាងមុខ​។

លោក គង់ សាង ប្រធាន​សមាគម​រោងចក្រ​កម្ពុជា​ដែល​ទើប​ជ្រើសរើស​សម្រាប់​អាណត្តិ​ថ្មី​ ២០២២-២០២៣ បាន​ប្រាប់​ដែរ​ថា បើទោះបី​វិស័យ​កាត់ដេរ​បាន​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​រាប់មិនអស់ ជាពិសេស​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ក៏​សមាគម និង​សមាជិក​ទាំងអស់​បានរួម​គ្នា​ពុះពារ​ជម្នះ​រាល់​ការលំបាក​រហូត​ទទួលបាន​ជោគជ័យ​មកដល់​បច្ចុប្បន្ន​នេះ​។

លោក​និយាយថា​៖ «​កម្ពុជា​បានចាប់ផ្តើម​ពី​ស្ថានភាព​ជា​ប្រទេស​ដែលមាន​ការនាំចេញ​តិចតួច ហើយ​អភិវឌ្ឍ​ខ្លួន​ក្លាយទៅជា​ប្រទេស​ចម្បង​មួយ​ដែល​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ពិភពលោក ដោយ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​នៅក្នុង​រយៈពេល ១០​ ឆ្នាំ​ចុងក្រោយ​នេះ​មាន​អត្រា​ប្រហែល​ ១០ ​ភាគរយ​។ ទោះបី​មានការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៅក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​យើង​បាន​ងើប​ឡើងវិញ​បាន​យ៉ាង​លឿន​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ការនាំចេញ​ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​»​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២