កម្ពុជាបានលើកកម្ពស់សក្តានុពលម្រេចក្នុងចំណោមពាណិជ្ជករ និងសហគ្រិនជប៉ុន ដោយសង្ឃឹមថាការនាំចេញទៅប្រទេសជប៉ុននឹងកើនឡើង ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ។
ក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សហការជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងសមាគមម្រេចជប៉ុន បានរៀបចំសិក្ខាសាលាអនឡាញ ស្តីពីការផ្សព្វផ្សាយម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន ក្នុងគោលបំណងលើកកម្ពស់សក្តានុពលម្រេចទៅកាន់ប្រទេសជប៉ុន។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីបង្ហាញពីស្ថានភាពតែមួយគត់នៃម្រេចរបស់កម្ពុជា តម្រូវការម្រេចនៅក្នុងទីផ្សារជប៉ុន និងពង្រឹងគុណភាពនៃទំនិញសម្រាប់ការនាំចេញទៅកាន់ប្រទេសជប៉ុន។ ក្រសួងបានឲ្យដឹងថា ការនាំចេញម្រេចរបស់កម្ពុជាទៅប្រទេសជប៉ុននៅមានកម្រិតទាបនៅត្រឹម ១០ តោនក្នុងឆ្នាំ ២០២១។
លោក កៅ កុសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ម្រេចកាន់តែច្រើននឹងត្រូវដាក់សម្រាប់នាំចេញទៅប្រទេសជប៉ុន ហើយកសិករក្នុងស្រុកនឹងបង្កើនគុណភាពផលិតទំនិញ។
លោកថា ៖ « សិក្ខាសាលានេះនឹងផ្តល់ព័ត៌មានដល់ក្រុមហ៊ុនផលិតម្រេចនៅកម្ពុជាអំពីឱកាសនាំចេញទៅកាន់ប្រទេសជប៉ុន។ វានឹងជំរុញការផលិតម្រេចដល់ប្រជាជនជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងភាពជាដៃគូរវាងក្រុមហ៊ុននានា ដើម្បីបន្ថែមម្រេចរបស់កម្ពុជាទៅក្នុងផលិតផលដែលមានស្រាប់នៅក្នុងប្រទេសជប៉ុន»។
ក្រសួងក៏បានអំពាវនាវឱ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើរោងចក្រផលិតម្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក កុសល បានមានប្រសាសន៍ថា៖ « បន្ទាប់ពីសិក្ខាសាលានេះ វានឹងជំរុញម្រេចរបស់កម្ពុជា ឱ្យមានការទទួលស្គាល់ និងគាំទ្រពីប្រជាជនជប៉ុនបានយ៉ាងល្អ ហើយខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនជប៉ុនពិចារណាលើការវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា ជាពិសេសវិស័យដាំ និងកែច្នៃម្រេច ក្នុងចំណោមផលិតផលសក្តានុពលផ្សេងទៀត»។
លោក ម៉ក់ នី មកពីសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានប្រសាសន៍ថា ការជំរុញការនាំចេញចាំបាច់ត្រូវផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារគោលដៅប្រកបដោយប្រសិទ្ធភាព។
លោកថា សិក្ខាសាលាដែលមានការចូលរួមពីធុរកិច្ច និងសហគ្រិនជាង ១00 នៅក្នុងប្រទេសជប៉ុន គឺជាវិធីមួយដើម្បីផ្សព្វផ្សាយទំនិញដល់អតិថិជន។
លោកថា ៖ « ប្រទេសជប៉ុនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ម្រេចរបស់យើង ហើយក្នុងពេលបច្ចុប្បន្ននេះ យើងត្រូវការទីផ្សារបន្ថែមទៀត ដូច្នេះសិក្ខាសាលានឹងផ្សព្វផ្សាយទំនិញកាន់តែទូលំទូលាយដល់ប្រជាជនជប៉ុន»។
លោកបន្ថែមថា៖ « យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមម្រេចជប៉ុន ក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់ម្រេច។ យើងសង្ឃឹមថា តម្រូវការម្រេចកម្ពុជាក្នុងទីផ្សារជប៉ុននឹងកើនឡើងបន្ទាប់ពីពួកគេដឹងពីគុណភាពល្អនៃម្រេចរបស់យើង»៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ជា វណ្ណយុទ្ធ
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។