កម្ពុជាអាចនឹងវិនិយោគលើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ មានអានុភាព ២ ជីហ្គាវ៉ាត់

កម្ពុជាអាចនឹងវិនិយោគលើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ មានអានុភាព ២ ជីហ្គាវ៉ាត់

 

ភ្នំពេញៈ កម្ពុជា​នឹងធ្វើ​ការសិក្សា​អំពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​លើ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW)​។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កៀរគរ​ការវិនិយោគរ​ហូត​ដល់ ១០០ លាន​ដុល្លារ និង​ធ្វើជា​គំរូ​ក្នុងការ​ចម្លង​ការទិញ​ថាមពល​កកើត​ឡើងវិញ​ដែលមាន​តម្លៃ​សមរម្យ និង​ឆាប់​រហ័ស​នៅ​កម្ពុជា ដើម្បី​អនុវត្តតាម​ការប្តេជ្ញា​ចិត្ត​នៃ​គោលដៅ​របស់​ប្រទេស​សម្រាប់​កាបូន​សូន្យ​ត្រឹម​ឆ្នាំ ២០៥០។​

​គម្រោង​នេះ​ត្រូវបាន​ប្រកាស​បន្ទាប់​ពី​ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា លើ​អាណត្តិ​ផ្តល់​សេវា​ប្រឹក្សា​ប្រតិបត្តិការ​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ២​ ជីហ្គាវ៉ាត់ (GW) នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម ADB នៅ​ថ្ងៃទី ​៣ ខែវិច្ឆិកា។​

​ស្ថិតក្រោម​អាណត្តិ​នេះ ADB នឹង​ជួយ EDC ធ្វើការ​សិក្សា​ទូទាំងប្រទេស​ស្តីពី​ឱកាស​សម្រាប់​សមត្ថភាព​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បន្ថែម រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្ទុក​ថាមពល​ថ្ម (BESS) ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំនេះ​រហូតដល់​ឆ្នាំ ២០៣០​។ ADB ក៏​នឹង​ជួយ EDC ផងដែរ​ក្នុងការ​ដេញថ្លៃ​គម្រោង​សាកល្បង ១០០ មេហ្គាវ៉ាត់​ដែល​កំណត់​ក្រោម​ការសិក្សា​ខាងលើ​ទៅ​វិស័យ​ឯកជន​ដែល​នឹង​សាងសង់​ផ្តល់​ហិរញ្ញប្បទាន និង​ដំណើរការ​គម្រោង​។

គម្រោង​សាកល្បង​នេះ​ត្រូវបាន​រំពឹងថា នឹង​ប្រមូល​ទុន​រហូត​ទៅដល់ ១០០ លាន​ដុល្លារ និង​ធ្វើជា​គំរូ​ក្នុង​ការពង្រីក​វិសាលភាព​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើងវិញ​ដែលមាន​តម្លៃ​សមរម្យ និង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ «​ការអភិវឌ្ឍ​ថាមពល​ពី​ពន្លឺ​ព្រះ​អា​ទិ​ត្យ ២ ​ជីហ្គាវ៉ាត់​នេះ ​គឺ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បំពេញ​តម្រូវការ​ថាមពល​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​តាមរយៈ​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​។​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការទាញ​យក​ធនធាន​ពន្លឺ​ព្រះអាទិត្យ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ខណៈ​ការរួម​ចំណែក​របស់​ថាមពល​ព្រះអាទិត្យ​នេះ​បាន​កើនឡើង​ជាក់ស្តែង​ពី​សូន្យ​ក្នុង​ឆ្នាំ ២០១៦ ដល់​ប្រមាណ​១២ ភាគរយ​នៅ​ចុងឆ្នាំ ២០២១»​។ នេះ​បើ​យោងតាម ADB។​

​លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​របស់ ADB បាន​លើកឡើង​ថា កម្មវិធី​នេះ​ប្រកបដោយ​មហិច្ឆតា​ខ្ពស់​របស់​កម្ពុជា​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ។​

​លោកស្រី​បាន​ថ្លែងថា​៖ «​វា​នឹង​កាត់​បន្ថយថ្លៃ​អគ្គិសនី និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ថាមពល​ដោយ​ការ​ទាញយក​អត្ថប្រយោជន៍​ពី​ធនធាន​នៅក្នុង​ស្រុក​។ យើង​សង្ឃឹមថា នឹង​រួមចំណែក​ដល់​កិច្ច​ខំ​ប្រឹងប្រែង​នេះ​តាមរយៈ​ការ​គាំទ្រ​ការដេញថ្លៃ​ប្រកបដោយ​តម្លាភាព​ដែល​បាន​ត្រៀម​យ៉ាង​ល្អ និង​ដែល​បាន​ទាក់ទាញ​ការ​ប្រកួត​ប្រជែង​យ៉ាង​សកម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ភាព​ច្នៃ​ប្រឌិត និង​ទុន​ពី​វិស័យ​ឯកជន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន»។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២