​ការជួយ​លើកកម្ពស់​វិស័យ SME គឺជា​ចំណុចអាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​

​ការជួយ​លើកកម្ពស់​វិស័យ SME គឺជា​ចំណុចអាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​

 

​ភ្នំពេញៈ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME)​ គឺជា​បញ្ហា​ចម្បង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្ត​ទុក​ដាក់​ខ្លាំង និង​ព្យាយាម​ទាក់ទាញ​អ្នក​​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​កាន់តែច្រើន ខណៈ​វិស័យនេះ​កំពុង​ចូលរួមចំណែក​ក្នុង​ការជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI)​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​វេទិកា​ពិភាក្សា ​«​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍​» ដែល​រៀបចំ​នៅ​ទីស្តីការក្រសួង ក្រោម​កិច្ចសហការ​ជា​​មួយ​ក្លិប​អ្នកកាសែត​កម្ពុជា ​(CCJ) កាល​ពី​រសៀល​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ ​២០២៤ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហែម ​វណ្ណឌី បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​បាននិងកំពុង​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​ជំរុញ និង​លើក​​កម្ពស់​ផលិតកម្ម​ក្នុងស្រុក តាមរយៈ​ការ​ជំរុញ​ចង្វាក់​ផលិតកម្ម​កែច្នៃ​ដើម្បី​កាត់​បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​ជា​ពិសេស​លើកកម្ពស់​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​ប្រាប់ទៀតថា ចំនួន​រោងចក្រ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០២៣ មាន​ចំនួន​ ២ ១២៥ ក្នុងនោះ ២៤១ គឺជា​រោងចក្រ​ថ្មី​ដែល​ចុះបញ្ជី​ក្នុង​ឆ្នាំ​ ២០២៣​។​

​លោក​បន្តថា មូលហេតុ​ដែលនាំឱ្យ​ចំនួន​រោងចក្រ​/​សហគ្រាស​ចុះបញ្ជី​នៅ​ក្រសួង និង​បើក​ដំណើរការ​នៅ​កម្ពុជា​កាន់​តែ​ច្រើន គឺ​ដោយសារ​កត្តា​ស្ថិរភាព​ន​យោ​បាយ អត្រាកំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ជាក់ស្តែង​បន្ទាប់ពី​ការ​ត្រឡប់មកវិញ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ កាលពីពេល​ថ្មីៗ​នេះ គឺ​គេ​សង្កេតឃើញ​មាន​វិនិយោគិន​ជប៉ុន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ក្នុងការ​មក​បង្កើត​តំបន់ឧស្សាហកម្ម​នៅ​កម្ពុជា​។ ចំណុច​ទាំងអស់នោះ គឺជា​សុទិដ្ឋិនិយម​មួយ​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​សហ​​គ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា តាម​រយៈ​ការជួយជ្រោមជ្រែង និង​ការខិតខំ គឺ​វិនិយោគិន​នឹងមាន​ការទុកចិត្ត​ច្រើន មានការ​ចាប់អារម្មណ៍​ច្រើន​នៅ​កម្ពុជា ជា​​ពិសេស​នៅក្នុង​អាណត្តិ​ដែលមាន​សម្តេច​មហា​បវ​រ​ធិបតី​ដឹកនាំ​នេះ​»​។​

​យោងតាម​លោក​រដ្ឋមន្ត្រី​ចំណុច​ចម្បង​ដែល​នឹង​ជួយ​ឱ្យ​ផលិតកម្ម​របស់ SME នៅ​កម្ពុជា​អាច​បោះជំហាន​ទៅមុខ​កាន់តែ​លឿន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​ជាមួយ​ផលិតផល​នាំចូល និង​បង្កើន​សមត្ថភាព​នាំចេញ​គឺ​ការ​រួមគ្នា​បង្កើតជា​ក្រុម សមាគម សហគមន៍ ឬ​សហព័ន្ធ ព្រោះ​វា​នឹង​ជួយ​ឱ្យកម្លាំង​ផលិត​កាន់តែខ្លាំង និង​មាន​ស្តង់ដា​គុណភាព​រួមគ្នា​, បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​, ពលកម្ម​ជំ​នា​ញ​។​

សម្រាប់ព័ត៌មានបន្ថែម សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍