ការធ្វើទំនើបកម្មវិស័យកសិកម្មនឹងជួយពន្លឿនការស្តារសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

ការធ្វើទំនើបកម្មវិស័យកសិកម្មនឹងជួយពន្លឿនការស្តារសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

 

ភ្នំពេញៈ ភាគី​ពាក់ព័ន្ធ​ជំរុញ​ឱ្យមាន​ការ​ប្រែក្លាយ និង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យទៅជា​វិស័យ​មួយ​ដែលមាន​ថាមពល និង​ការលូតលាស់​ខ្ពស់ ដើម្បី​ជួយ​ពន្លឿន​ការ​ស្តារឡើងវិញ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលូតលាស់​ប្រកប​ដោយ​បរិយាប័ន្ន​ព្រមទាំង​រួមចំណែក​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​សន្តិសុខ​ស្បៀង​។

នៅក្នុង​កិច្ចប្រជុំ​ស្តីពី​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​កាលពី​ថ្ងៃទី ​១០ ខែកុម្ភៈ លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​(SNEC) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​-​កម្ពុជា​ (CACC) បាន​លើកឡើងថា ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា គឺជា​របៀបវារៈ​​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ត្រូវតែ​សម្រេចបាន​តាមរយៈ​ការផ្លាស់ប្តូរ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​កសិកម្ម ប្រកបដោយ​ការទទួល​ខុសត្រូវ វិជ្ជាជីវៈ និង​បរិយាប័ន្ន​»​។

បើតាម​លោក ម៉ី កល្យាណ ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​កសិកម្ម​ក្នុងការ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ដែលមាន​តម្លៃ​ខ្ពស់ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​ស្បៀង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​នេះ គឺ​ពិតជា​ត្រឹមត្រូវ​។

លោក​និយាយថា​៖ «​កសិករ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម​របស់​យើង​កំពុង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ត្រៀម​ដាក់​សេដ្ឋកិច្ច​របស់​យើង​ជា​កម្លាំង​ពាក់ព័ន្ធ​សម្រាប់​ផលិតកម្ម និង​ពាណិជ្ជកម្ម ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​ទាំង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ពិភពលោក​»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បាន​និយាយថា ចក្ខុវិស័យ​របស់​កម្ពុជា គឺ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែលមាន​សន្តិសុខ​ស្បៀង មាន​ភាពធន់​​ជាមួយនឹង​កសិករ​ដែល​រីកចម្រើន និង​កសិពាណិជ្ជកម្ម​ដែលមាន​ដៃគូ​ជាមួយ​រដ្ឋាភិបាល​។

លោក​បន្ថែមថា​៖ «​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​តម្រូវឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិជលផល ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​បន្ត​ផ្តល់​អំណាច​ដល់​សហគ្រិន​កសិកម្ម និង​វិស័យ​ឯកជន​ក្នុង​ការបង្កើន​ផលិតភាព និង​ផលចំណេញ​កសិកម្ម ដោយ​គិតគូរ​ពី​និរន្តរភាព ភាពធន់ និង​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ នៅ ស៊ីវុត្ថា

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២