ការធ្វើទំនើបកម្មសេវាទីផ្សារកសិកម្មនឹងផ្សារភ្ជាប់កសិករទៅកាន់អាជីវករ និងអ្នកប្រើប្រាស់

ការធ្វើទំនើបកម្មសេវាទីផ្សារកសិកម្មនឹងផ្សារភ្ជាប់កសិករទៅកាន់អាជីវករ និងអ្នកប្រើប្រាស់

 

ភ្នំពេញៈ​ ក្រសួងកសិកម្ម បាន​បង្កើត​​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម (Amis) ក្នុង​គោលបំណង​លើកកម្ពស់ បណ្ដាញ​ទីផ្សារ​កសិផល​ក្នុងស្រុក ដោយ​ភ្ជាប់​កសិករ​ទៅនឹង​អាជីវករ និង​អ្នកប្រើប្រាស់​។​

​យោងតាម គេហទំព័រ​ផ្លូវការ Amis របស់​ក្រសួងកសិកម្ម បានឱ្យដឹងថា នាយកដ្ឋាន​ផែនការ​និង​ស្ថិតិ បាននិងកំពុង​ប្រមូល​ព័ត៌មាន​អំពី​តម្លៃ និង​បរិមាណ​កសិផល ប្រាក់​ឈ្នួល​ពលកម្ម និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ​ជា​សាធារណៈ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម សំដៅ​ធ្វើ​ឱ្យ​កសិករ អ្នកពាក់ព័ន្ធ​នានា និង​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មានត្រឹមត្រូវ និង​ទាន់ពេលវេលា​ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រាក់ចំណូល​របស់​កសិក​រ ធ្វើការ​សម្រេចចិត្ត​ និង​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការងារ​សន្តិសុខ​ស្បៀង​។

​គោលបំណង​នៃ​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ រួមមាន បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​សម្រាប់​កសិករ ពាណិជ្ជករ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម ដើម្បី​ជួយ​ពួកគាត់​ឱ្យ​​លក់បាន​ក្នុងតម្លៃ​សមរម្យ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​។ កសិករ​នឹងមាន​ជម្រើស​កាន់តែ​ច្រើនឡើង ក្នុង​ការធ្វើ​ទីផ្សារ​ផលិតផល​របស់​ពួកគាត់ ជាមួយនឹង​ការចរចា​តម្លៃ បាន​ប្រសើរ​ជាង​មុន​នៅក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម​។ កសិករ និង​ពាណិជ្ជករ​មាន​សមត្ថភាព​កាន់តែ​ច្រើនជាង​មុន ក្នុង​បច្ចេកទេស​មុន និង​ក្រោយ​ប្រមូល​ផល ជាពិសេស​ការធ្វើ​ចំណាត់ថ្នាក់​ផលិតផល ការ​វេច​ខ្ចប់ ការរក្សា​ទុក និង​បច្ចេកទេស​ក្នុងការ​ដឹកជញ្ជូន ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​របស់​ពួកគាត់​ទទួលបាន​តម្លៃ​កាន់តែ​ប្រសើរឡើង និង​កសាង និង​ពង្រឹងសមត្ថភាព​បច្ចេកទេស របស់​មន្ត្រី​ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​កសិកម្ម នៅតាម​រាជធានី​-​ខេត្ត​។​

​លោក យ៉ង ប៉ាក់ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​ហ្គ្រី​ប៊ី (Agri Bee Camnbodia) បានឱ្យដឹងថា កម្មវិធី​ទូរស័ព្ទ Camagrimarket ដែល​បាន​បន្ថែម​សេវា​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ បាន​ជួយ​ដល់​កសិករ និង អ្នក​នៅក្នុង​វិស័យ​កសិកម្ម​បាន​ច្រើន​ក្នុងការ​ស្វែងរក​ព័ត៌មាន តម្លៃ​កសិផល​ទីផ្សា​រ។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២