ការនាំចេញកង់ទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ជិត ៥១៤ លានដុល្លារ

ការនាំចេញកង់ទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ជិត ៥១៤ លានដុល្លារ

 

ភ្នំពេញៈ កម្ពុជា​ប្រមូលបាន​ប្រាក់​ជិត ៥១៤ ​លាន​ដុល្លារ ​ពី​ការនាំ​កង់​ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ នា​រយៈពេល​ ១០ ​ខែ​ ឆ្នាំ​ ២០២១ កើន ២១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២០ ដោយ​ភាគច្រើន​នាំទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​។ នេះ​បើតាម​របាយ​ការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កំណើន​នេះ​បង្ហាញថា​ ​ការនាំចេញ​កង់​នៅតែ​ជម្នះ​បាន​នូវ​ឧបសគ្គ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ​១៩ គ្រា​ដែល​បណ្តា​ប្រទេស​ជាច្រើន​កាន់តែ​ពេញនិយម​ចំពោះ​ការ​ជិះ​កង់​។ លោក​បន្ថែមថា កម្ពុជា​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់ និង​ផលិត​កង់ មានកេរ្តិ៍ឈ្មោះ​នៅ​ទីផ្សារ​អឺរ៉ុប ជាពិសេស​កង់​មាន​ម៉ាក​ពា​ណិ​​ជ្ជ​កម្ម​ល្បីៗ​ដូចជា Giant ព្រោះ​កង់​ដែល​ផលិត​នៅ​កម្ពុជា មានតម្លៃ​សមរម្យ ខណៈ​គុណភាព​គឺ​មិន​ចាញ់​ផលិតផល​ប្រទេស​ផលិត​កង់​ដទៃទៀត​ឡើយ​។​

​លោក​លើកឡើងថា ដោយ​​សារ​កេរ្តិ៍ឈ្មោះ តម្លៃ និង​គុណ​​ភាព កង់​ដែល​ផលិត​នៅ​កម្ពុជា​បានទទួល​កំណើន​នៃ​ការបញ្ជាទិញ​ជា​បន្តបន្ទាប់​។ លោក​បាន​បញ្ជាក់ថា​៖ «​ទោះបី​កង់​ផលិត​នៅ​កម្ពុជា​សុទ្ធសឹង​តែមាន​ម៉ាក​ពាណិជ្ជកម្ម​ល្បីៗ ប៉ុន្តែ​នៅលើ​ស្លាក​សញ្ញា​តែងមាន​បញ្ជាក់ថា Made in Cambodia ដែល​នេះ​ជា​មោទនភាព​មួយ​របស់​កម្ពុជា ក្លាយជា​ប្រទេស​ទទួលបាន​ទំនុកចិត្ត​ក្នុងការ​ផលិត​ទំ​និ​ញ​មាន​គុណភាព​ខ្ពស់​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា វិនិយោគិនដែល​បាន​បោះទុន​វិនិយោគ​លើ​ការផលិត​កង់​នៅ​កម្ពុជា ភាគច្រើន​មកពី​កោះ​តៃវ៉ាន់ និង​មាន​ទីតាំង​ភាគ​ច្រើន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្តស្វាយរៀង​។​

​លោក​បន្ថែមថា កំណើន​នាំ​​ចេញ​នេះ​ដោយសារតែ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ក៏ដូចជា​អាមេរិក បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ទីក្រុង​បៃតង (Green City) ដែល​ជំរុញឱ្យមាន​ការ​ជិះ​កង់​ទៅធ្វើ​ការ ឬ​ធ្វើ​​ដំណើរ​លើ​ដងផ្លូវ ដើម្បី​កាត់​​បន្ថយ​ការបំពុល​បរិយាកាស​។​

​លោក​បាន​ថ្លែងថា​៖ «​គោល​​នយោបាយ​នេះ​ធ្វើឱ្យ​ការផលិត​កង់​នៅ​កម្ពុ​ជាមាន​កំណើន​ជា​បន្តបន្ទាប់ ស្របពេល​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងៗ​កាន់តែច្រើន រួមទាំង​ការអនុគ្រោះ​ពន្ធ​ផ្សេងៗ​ទៀត នឹង​អាច​ជំរុញ​ការ​​ឱ្យ​វិនិយោគិន​ពី​ប្រទេស​ផ្សេងៗ ចាប់អារម្មណ៍​លើ​ការបើក​រោង​​ចក្រ​ផលិត​នៅ​កម្ពុជា​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន​រោងចក្រ​ផលិត​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​​រៀង​មាន ៦ ហើយ​ប្រទេស​នាំចូល​កង់​ច្រើន​ពី​កម្ពុជា រួមមាន អាមេរិក​, កាណាដា​, អង់គ្លេស​, អឺរ៉ុប​។ ទោះបី​កម្ពុជា នាំចេញ​កង់​ច្រើនជាងគេ​នៅ​អាស៊ាន ក៏​កម្ពុជា​នាំចូល​កង់​ម៉ាក​ល្បីៗ​ជាច្រើន​មកវិញ​ផងដែរ​៕ LA

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី៣០ ខែធ្នូ ២០២១