ការនាំចេញកៅស៊ូសម្រេចបានទឹកប្រាក់ជាង ៦១០ លានដុល្លា

ការនាំចេញកៅស៊ូសម្រេចបានទឹកប្រាក់ជាង ៦១០ លានដុល្លា

 

ភ្នំពេញៈ កម្ពុជា​ប្រមូលបាន​ប្រាក់​ជាង ៦១០ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​នៅក្នុង​ឆ្នាំ​ ២០២១ កើន ២៦​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​ទឹកប្រាក់ ៤៨២ ​លាន​ដុល្លារ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​បង្ហាញថា ក្នុង​រយៈពេល ១២​ ខែ ឆ្នាំ​ ២០២១ កម្ពុជា​រកចំណូល​បាន ៦១១ ៧៧០ ៨១៤ ​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ក្នុង​នោះ​បរិមាណ​ជ័រកៅស៊ូ​មាន​ចំនួន ៣៦៦ ៣០០ ​តោន ស្មើនឹង​តម្លៃ ៦១០ ២៥៥ ៨០០ ​ដុល្លារ និង​ឈើ​កៅស៊ូ​សម្រេចបាន ៤៥៤ ​ម៉ែត្រគុប​មានតម្លៃ​ទឹកប្រាក់ ១ ៥១៥ ០១៥ ​ដុល្លារ​។

លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការនាំចេញ​កៅស៊ូ​នៅក្នុង​ឆ្នាំ​ ២០២១ កើន​ដោយសារ​កត្តា​ចំនួន​ដូចជា អតុល្យភាព​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​ផ្ទៃដី​ចៀរជ័រ​កើន កត្តា​មិនមែន​មូលដ្ឋាន​គឺ​តម្លៃ​ប្រេង​ឆៅ​កើន និង​ភាពប្រសើរឡើង​នៃ​ការសហការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។

លោក​បន្ថែមថា តម្លៃ​លក់​ជ័រកៅស៊ូ​ជា​មធ្យម​ក្នុង​ឆ្នាំ​ ២០២១ គឺ ១ ៦៦៦ ​ដុល្លារ ក្នុង​ ១ ​តោន​ដោយ​កើនឡើង ២៨៤​ ដុល្លារ ក្នុង​ ១ តោន​ស្មើនឹង​ ២១ ​ភាគ​រយ​បើ​ធៀប​ឆ្នាំ​ ២០២០​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​តម្លៃ​កសិករ​ទទួលបាន​ពេល​ឈ្មួញ​ចុះទៅ​ទិញ​តាម​ចម្ការ ដែល​មិនទាន់​កែច្នៃ និង​បង់ពន្ធ និង​ដឹកជញ្ជូន​ប្រហាក់ប្រហែល ១ ២០០ ​ដុល្លារ ទៅ ១ ២៥០ ​ដុល្លារ ក្នុង​ ១ ​តោន​»​។

លោក ជា សាឃិន កសិករ​ដាំដុះ​កៅស៊ូ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និយាយថា ជ័រ​កៅស៊ូ​ឆៅ​ឆ្នាំ ​២០២១ លក់បាន​តម្លៃ​ល្អ​ដោយ​ជ័រកក​មាន​តម្លៃ​ ២ ៨០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម ខណៈ​ឆ្នាំ​ ២០២០ ថ្លៃ ២ ៥០០ ​រៀល​ប៉ុណ្ណោះ​។

លោក​បាន​បន្ថែមថា តម្លៃ​នេះ​កសិករ​អាច​ទទួលយក​បាន ព្រោះ​អាច​ចំណេញ​បាន​ខ្លះ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កសិករ​នៅក្នុង​ស្រុក​មេមត់​បាននិងកំពុង​ជួបប្រទះ គឺ​គ្រោះមហន្តរាយធម្មជាតិ ខ្យល់​កន្ត្រាក់​។

លោក​បាន​បញ្ជាក់ថា​៖ « ដើម​កៅស៊ូ​ធំៗ​ត្រូវបាន​ខ្យល់​កន្ត្រាក់​បោកបក់ បាក់​រាប​ដល់​ដី ប៉ុន្តែ​កសិករ​នៅ​បន្ត​ដាំដុះ​ឡើងវិញ ដោយសារ​តម្លៃ​កៅស៊ូ​មាន​ភាពល្អប្រសើរ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ: ហំ ផានិត

ព័ត៌មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៧ ខែមករា ២០២២