ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង

ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង

 

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នៅខេត្តកំពង់ធំ គ្រោងនឹងពង្រីកបរិមាណគ្រាប់ស្វាយចន្ទីកែច្នៃសម្រាប់នាំចេញទៅប្រទេសជប៉ុននៅឆ្នាំនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញកាលពីឆ្នាំមុន ដែលមានការគាំទ្រយ៉ាងច្រើននៅក្នុងទីផ្សារជប៉ុន។

លោកស្រី អ៊ិន ឡៃហួត ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ មានប្រសាសន៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះពីសិប្បកម្មរបស់លោកនឹងធ្វើឡើងនៅខែកុម្ភៈ។

លោកស្រីមានប្រសាសន៍ថា «នៅក្នុងខែកុម្ភៈខាងមុខនេះ យើងនឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមួយផ្សេងទៀតទៅកាន់ប្រទេសជប៉ុន។

យើងមានគម្រោងក្នុងឆ្នាំនេះ សម្រេចផលិតគ្រាប់ស្វាយចន្ទី៩តោន»។

កាលពីឆ្នាំមុន សិប្បកម្មនេះបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ៧ តោននៃគ្រាប់ស្វាយចន្ទីកែច្នៃ។

សិប្បកម្មដែលបង្កើតឡើងក្នុងឆ្នាំ ២០១៩ ប្រមូលគ្រាប់ស្វាយចន្ទីពីកសិករ ១០០ គ្រួសារ ដែលដាំដំណាំលើផ្ទៃដីជាង ៧០០ ហិកតា ក្នុងខេត្តកំពង់ធំ។

ការនាំចេញគ្រាប់ស្វាយចន្ទីធ្វើឡើងក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Top Planning Japan Co Ltd ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នៅឆ្នាំ២០២៣ផងដែរ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ គ្រោងនឹងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីដល់ ១០តោន។

សិប្បកម្មនេះកំពុងសិក្សាពង្រីកទៅទីផ្សារផ្សេងទៀតសម្រាប់គ្រាប់ស្វាយចន្ទីក្នុងតំបន់អាស៊ាន និងប្រទេសចិន។

តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃបានកើនឡើង ៣២៨ ភាគរយក្នុងឆ្នាំ ២០២១ ប្រមាណ ៩៣៧,៩៧៤ តោន។ក្នុងចំណោមគ្រាប់ស្វាយចន្ទីសរុប ៥០ ភាគរយជាគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ។

បច្ចុប្បន្ន ទីផ្សារដ៏ធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីរបស់ព្រះរាជាណាចក្រកម្ពុជា គឺប្រទេសវៀតណាម ដែលស្មើនឹង ៩៨ ភាគរយនៃការនាំចេញសរុប។ ការបង្កើនលទ្ធភាពនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ គឺស្របតាមសេចក្តីព្រាងគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទី ដើម្បីបង្កើនការដាំដុះ និងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ជា វណ្ណយុទ្ឋ

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី១៧ ខែមករា ឆ្នាំ២០២២