ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាង ២២ ភាគរយ នៅក្នុងរយៈពេល ៣ ត្រីមាសឆ្នាំ ២០២២

 

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ជាង ១៧ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ ដើមឆ្នាំ ​២០២២ កើន​ជាង ២២ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​នៅមាន​ភាពមិនប្រាកដប្រជា​ ដោយសារ​តែ​ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​បញ្ហា​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​-​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែតុលា ទឹកប្រាក់​នាំចេញ​ទំនិញ​របស់​កម្ពុជា នៅក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំនេះ​សម្រេច​បាន​ជាង​ ១៧​ ពាន់​លាន​ដុល្លារ​កើនឡើង ២២,១ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ការនាំចូល​មាន​ចំនួន​ជិត ២៤​ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១៥​ ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់​ថា ស្របពេល​កម្ពុជា​សម្រេច​បាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ធំៗ​ក្នុង​តំបន់ ដូចជា​ចិន និង​កូរ៉េខាងត្បូង គួបផ្សំ​នឹង​ការចាប់​អនុវត្ត​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ​ (RCEP) ​បានរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ការនាំចេញ​នេះ ខណៈ​ទាំង​ទីផ្សារ​ដែលមាន​ស្រាប់​ពិសេស​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ក៏​នៅតែ​មាន​តម្រូវការ​ផលិតផល​ពី​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ការនាំចេញ​នេះ គឺ​បង្ហាញ​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​យើង​ជាមួយ​នឹង​ប្រទេស​ចិន និង​កូរ៉េ និង​បណ្តា​ដៃគូ RCEP ដែល​អនុញ្ញាត​ឱ្យ​យើង​បង្កើន​ការនាំចេញ​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​ដៃគូ​របស់​យើង​។ កំណើន​នេះ​ក៏​ឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ដោយ​រដ្ឋាភិបាល​ផងដែរ ដែល​ជា​កត្តា​ចម្បង​មួយ​ក្នុង​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​វិស័យ​ផលិតកម្ម​»​។

លោក គី សេរីវឌ្ឍន៍ អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា ការនាំចេញ​កើនឡើង​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​គឺ​ដោយសារ​ការបន្ត​កើនឡើង​នៃ​វិស័យ​វាយនភណ្ឌ និង​កំណើន​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៅ​ទីផ្សារ​ចិន និង​ទីផ្សារ​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន​ដូចជា​ប្រទេស​ថៃ និង​វៀតណាម​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​កំណើន​នេះ គឺ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​យើង​ស្ថិត​ក្នុង​កំណើន​មួយ​ដ៏ល្អ​។ ជាមួយ​គ្នា​នេះ​យើង​ក៏បាន​សង្កេត​ឃើញ​ថា កំណើន​ការនាំចេញ​នាពេលនេះ​គឺ​មិន​ត្រឹមតែ​កើនឡើង​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ឃើញ​កើនឡើង​ទៅ​ទីផ្សារ​តំបន់​អាស៊ី និង​តំបន់​នានា​ផងដែរ ដែល​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការខិតខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​យើង​នាពេល​កន្លងមក​»​។

កាលពី​ចុងខែ​កញ្ញា​ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ពិតប្រាកដ​របស់​កម្ពុជា​នឹង​កើន​ដល់ ៤,៨ ​ភាគរយ​ដោយ​កើន​ពី ៤,៥ ភាគរយ​នៃ​ការ​ព្យាករ​កាលពី​ខែមេសា​កន្លងមក​សម្រាប់​ឆ្នាំ​ ២០២២ នេះ ដែល​គាំទ្រ​ដោយ​ការ​កើនឡើង​នៃ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ កង់ ក៏ដូចជា​កសិកម្ម​ដែល​បន្ត​គាំទ្រ​ការ​ងើបឡើង​វិញ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​