ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង $៨,៦ ពាន់លាន

ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានតម្លៃជាង $៨,៦ ពាន់លាន

 

ភ្នំពេញៈ ការនាំចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង ពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៨,៦ ពាន់លាន​ដុល្លារ កើន​ឡើង​ជិត ២៤ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន បើ​ទោះបី​ជាមាន​ភាព​មិន​ច្បាស់លាស់​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ក្តី។​

​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​នាដើម​សប្តាហ៍​នេះ​បាន​បង្ហាញថា ការ​នាំចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​តម្លៃ​ជាង ៨,៦ ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០២២ ធៀប​នឹង​ជាង ៦,៩៧ ពាន់​លានដុល្លារ​នៅក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន កើន​ជាង ២៣,៧៨ ភាគរយ។​

​លោក ខេន លូ អគ្គលេខា​ធិ​ការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ១៣ ខែតុលា​ថា វា​បាន​កើន​ឡើង ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​អត្រា​ការ​ថយចុះ​។ កាលពី​ឆមាស​ទី១ វា​បាន​កើន​ឡើង​ជិត ៤០ ភាគរយ តែ​នៅ​ពេល​នេះ​ការ​នាំចេញ​បាន ធ្លាក់​ចុះ​ធៀប​នឹង​ខែ​សីហា។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​របស់​យើង​គឺ​ល្អ​ណាស់​នៅក្នុង​ឆមាសទី១ ឆ្នាំ​នេះ ដោយ​កើន​ឡើង ៤០ ភាគរយ ប៉ុន្តែ​នៅ​ពេល​នេះ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​ត្រឹមតែ ២៤ ភាគរយ​ប៉ុណ្ណោះ​។ នេះ​មានន័យ​ថា ក្នុង​ខែ​កក្កដា និង​ខែ​សីហា វា​មាន​កំណើន​អវិជ្ជមាន​។ ស្ថានភាព​នេះ​នឹង​កាន់តែ​អាក្រក់​នៅ​ត្រីមាស​ទី៤ ឆ្នាំ ២០២២ និង​រហូតដល់​ឆ្នាំ ២០២៣​។ មិនមាន​រូបភាព​ច្បាស់​លាស់​ណាមួយ​ដែល​មើល​ឃើញ​នោះទេ ដោយសារ​តែ​ស្ថានភាព​ពិភពលោក​មាន​ការ​ប្រែប្រួល»។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យ​ដឹង​ថា ការ​កើន​ឡើង​ខ្លាំង​របស់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង បញ្ជាក់​ពី​កំណើន​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា។​

​លោក​លើកឡើងថា​៖ «​យើង​មើលឃើញថា យើង​ទទួលបាន​ការកើនឡើង​ខ្លាំង​ចំពោះ​ការ​នាំចេញ​ទៅ​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​វាជា​សញ្ញា​វិជ្ជមាន​ខ្លាំង​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ២ ខណៈដែល​យើង​ជា​ប្រធាន​អាស៊ាន​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ មាន​ការ​យឺតយ៉ាវ​នៃ​ការនាំ​ចេញ​ទៅ​អឺរ៉ុប ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាម​អ៊ុយក្រែន ដែល​ប៉ះពាល់​ទៅដល់​តម្រូវការ​នៅ​ទីនោះ។​

​លោក ខេន លូ បាន​ចង្អុលបង្ហាញ​ថា សេដ្ឋកិច្ច​មិនល្អ​នៃ​ទីផ្សារ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា រួមទាំង​អាមេរិក និង​តំបន់​អឺរ៉ុប គឺជា​កត្តា​សំខាន់​មួយ​។ សង្គ្រាម​ក៏​នាំឱ្យ​អតិផរណា​ខ្ពស់​ផងដែរ។​

​លោក​បន្ថែមថា​៖ «​នៅពេលនេះ​អ្នកទិញ​ជាច្រើន​មាន​ស្ដុក​ច្រើន​នៅ​ក្នុង​ដៃ​ហើយ​ដូច្នេះ​ពួកគេ​នឹង​ដាក់​ការ​បញ្ជាទិញ​កាន់​តែតិច​។ ការ​ផុតកំណត់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក​ក៏​មានន័យ​ថា ផលិតផល​ទំនិញ​ធ្វើ​ដំណើរ​របស់​យើង​មិន​ទទួល​បាន​ការ​រួច​ពន្ធ​នៅ​ពេល​នេះ​ទេ ហើយ​ការបញ្ជា​ទិញ​មួយ​ចំនួន​កំពុង​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ជា​បណ្តោះ​អាសន្ន»។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២​