ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២ ម៉ឺនតោន នៅក្នុងរយៈពេល ៤ ខែឆ្នាំនេះ កើនឡើងប្រមាណ ១៥ ភាគរយ

ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២ ម៉ឺនតោន នៅក្នុងរយៈពេល ៤ ខែឆ្នាំនេះ កើនឡើងប្រមាណ ១៥ ភាគរយ

 

ភ្នំពេញៈ កម្ពុជា​សម្រេចការ​នាំចេញ​អង្ករ​បាន​ចំនួន​ជាង​ ២២​ ម៉ឺន​តោន នៅក្នុង​រយៈពេល​ ៤​ ខែ ឆ្នាំ​ ២០២២ ​នេះ កើនឡើង​ប្រមាណ​ ១៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ២២១ ១៣៨ តោន កើនឡើង​ ១៤,៨៨ ​ភាគរយ និង​នាំចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨ ៤៧៤ តោន ដោយ​ទាំង​ស្រូវ​ និង​អង្ករ​មានតម្លៃ​ទឹកប្រាក់ សរុប​មាន​ចំនួន ៥១៦,២១ លាន​ដុល្លារ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន​កត្តា​សំខាន់ៗ​ចំនួន​ ០២ ដែល​បាន​ជំរុញ​ឱ្យ​ការនាំចេញ​អង្ករ​កើនឡើង​នៅក្នុង​រយៈពេល​ ៤ ​ខែ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការកើនឡើង​នេះ ទី​ ១ ដោយសារ​មួយផ្នែក​មាន​កំណើន​ទៅខាង​តំបន់​អឺរ៉ុប ដោយសារ​តែ​អឺរ៉ុប​ឈប់​យកពន្ធ​តាំងពី​ខែមករា​មក ទី​ ២ តម្លៃ​នាំ​ដឹកជញ្ជូន​មាន​ការ​ចុះ​ជាង​ឆ្នាំមុន​បន្តិច ស្រប​ពេលដែល​កំណើន​ទិញ​ពី​ប្រទេស​ចិន​នៅ​ថេរ ដូចនេះ​វា​ជា​សញ្ញា​មួយ​ល្អ ដែល​ជំរុញឱ្យមាន​កំណើន​បែបនេះ​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​នាំចេញ​ចំនួន ៤៨ ក្រុមហ៊ុន បាន​ធ្វើការ​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៥៤ ប្រទេស​។ ក្នុងនោះ​កម្ពុជា​បាន​នាំទៅ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ាកាវ បាន​ចំនួន ១១៥ ២៥៥ តោន ឬ​ស្មើនឹង​ ៥២,១២​ ភាគរយ​នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២,៧៤ លាន​ដុល្លារ​។

ដោយឡែក តំបន់​អឺរ៉ុប​មាន​បរិមាណ ចំនួន ៦៨ ៥៥៥ តោន ឬ​ស្មើនឹង ៣១ ​ភាគរយ ទទួលបាន​ទឹកប្រាក់​ចំនួន ៥១,០២ លាន​ដុល្លារ​។​ចំណែក តំបន់​សមាជិក​អាស៊ាន ចំនួន ២១ ៨៧៦ តោន ឬ​ស្មើនឹង ៩,៨៩ ភាគរយ​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ១៣,៩០​ លាន​ដុល្លារ និង​បណ្តា​ប្រទេស​ផ្សេងៗ ក្រៅពី​តំបន់​ខាងលើ​បាន​ចំនួន ១៥ ៤៥២ តោន ឬ​ស្មើនឹង ៦,៩៩ ​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១,៧៤ លាន​ដុល្លារ​។

អង្ករ​ដែល​សហព័ន្ធ​បាន​នាំចេញ​រួមមាន ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៦៧,១២ ​ភាគរយ​, អង្ក​រស ចំនួន ៣០,១៣​ ភាគរយ​, អង្ករ​ចំហុយ​ចំនួន ១,០៧ ​ភាគរយ និង​អង្ករ​សរីរាង្គ​ចំនួន ១,៦៨ ​ភាគរយ​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖​ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២